រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៥ តបតាមការអញ្ជើញរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារសុខាភិបាលចូលរួមក្នុង កិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្សី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រនិងបច្ចេកទេស (11th Session of Cambodian-Russian Intergovernmental Commission on Trade Economic Science and Technical Cooperation) តាមប្រព័ន្ធវីដេអូ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
កិច្ចប្រជុំបានដំណើរការពេញមួយរសៀល ដោយរលូន និងជោគជ័យ ព្រមទាំងបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ Oksana N.LUT រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសហព័ន្ធរុស្ស៊ី ដែលជាសហប្រធាននៃអង្គប្រជុំ។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាព ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-រុស្សី នាពេលកន្លងមកនេះ និងជំរុញបន្ថែមនូវទំនាក់ទំនង និងកិច្ចសហប្រត្តិបត្តិការ ឱ្យកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ សម្រាប់អនាគត លើវិស័យផ្សេងៗ រាប់បញ្ចូលទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សុខាភិបាល អប់រំ និងកសិកម្ម ។ល។
ជាលទ្ធផល នៅចុងបញ្ចប់នៃកិច្ចប្រជុំ សហប្រធានទាំងពីរ បានចុះហត្ថលេខាលើ កំណត់ហេតុ នៃ កិច្ចប្រជុំលើកទី១១ នៃគណកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្សី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រនិងបច្ចេកទេស ដោយជោគជ័យ និងក្នុងស្ថានភាពស្និតស្នាល រីករាយ និងមិត្តភាពដ៏ប្រពៃ។
គួរបញ្ជាក់ផងដែរថាកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីលោកជំទាវ Oksana N.LUT រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម នៃសហព័ន្ធរុស្សី ឯកឧត្តមអគ្គរដ្ឋទូតនៃសហព័ន្ធរុស្សី ប្រចាំព្រះជាណាចក្រកម្ពុជា និង ឥស្សរជនតំណាងនៃក្រសួង ស្ថាប័នពាក់ព័ន្ធ នៃភាគីរុស្សី ព្រមទាំង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោក លោកស្រី ជាតំណាងនៃក្រសួង ស្ថាប័នពាក់ព័ន្ធ ពីភាគីកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង មន្ត្រីពាក់ព័ន្ធ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងអ្នកពាក់ព័ន្ធចូលរួមទាំងអស់សរុបមាន ចំនួន ១០៨ រូប។