Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិភាក្សា និងបង្ហាញលទ្ធផលការវាយតម្លៃសេដ្ឋកិច្ច ប្រព័ន្ធគ្រប់គ្រងទិន្នន័យព័ត៌មានលម្អិតអំពីដំណើរការនៃការសិក្សាការធ្វើតេស្ត HPV (Self-sampling) ដើម្បីរកភាពមិនប្រក្រតី មុនមហារីកមាត់ស្បូន និងការអនុវត្តបង្ហាញនៃការពិនិត្យសុខភាពមាត់ស្បូនដោយប្រើតេស្ត HPV នៅកម្ពុជា
ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅការិយាល័យធនាគារពិភពលោក ក្រោមវត្តមាន លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាការសម្របសម្រួលក្នុងការពង្រឹងគុណភាពជំងឺមហារីក និងពង្រឹងគុណភាពថែទាំព្យាបាលជំងឺឆ្លងពីម្តាយទៅទាក កិច្ចប្រជុំមួយត្រូវបានរៀបចំឡើង ដើម្បីពិនិត្យពិភាក្សា លើលទ្ធផលការវាយតម្លៃសេដ្ឋកិច្ច ប្រព័ន្ធគ្រប់គ្រងទិន្នន័យ ព័ត៌មានលម្អិតអំពី ដំណើរការនៃការសិក្សាការធ្វើតេស្ត HPV (Self-sampling) រកភាពមិនប្រក្រតី មុនមហារីកមាត់ស្បូន ដែលបានធ្វើការសិក្សាកន្លងមក នៅក្នុងខេត្តសៀមរាប។ គោលបំណងបថម មុននឹងកិច្ចពិភាក្សា គឺដើម្បីបង្ហាញលទ្ធផលសិក្សារបស់គម្រោងស្តីពីការពិនិត្យសុខភាពមាត់ស្បូនដោយប្រើតេស្ត HPV ធ្វើរោគវិន្និច្ឆ័យបញ្ជាក់ដោយតេស្ត VIA និងកុលប៉ូស្កុបពី និងការព្យាបាល (Screen + Triage + Treat)។

នាពេលរសៀល ថ្ងៃដដែល លោកជំទាវរដ្ឋលេខាធិការ បានបន្តដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការបង្ហាញពីការអនុវត្តគម្រោង នៃការពិនិត្យសុខភាពមាត់ស្បូនដោយប្រើតេស្ត HPV ដែលគ្រោងដាក់ឱ្យអនុវត្តនៅក្នុងប្រទេសកម្ពុជា ក្នងនោះមានពិភាក្សាអំពីការអនុវត្តបង្ហាញនៃការពិនិត្យសុខភាពមាត់ស្បូនដោយប្រើតេស្ត HPV តាមវិធីពិនិត្យរកតាមរយៈការធ្វើតេស្ត HPV (Self-sampling) រួចពិនិត្យរោគវិនិច្ឆ័យ និងព្យាបាល (screen + triage (Colposcopy)+ Treat) ដែលបង្ហាញដោយ លោកស្រីឱសថការី លី ណារ៉េត ស្តីពីគំរូនៃការផ្តល់សេវាសម្រាប់ការពិនិត្យ និងគ្រប់គ្រងមហារីកមាត់ស្បូន ដោយការ ធ្វើតេស្ត HPV ។

ក្រោយការពិភាក្សា សមាជិកអង្គប្រជុំបានឈានដល់ការសន្និដ្ឋានរួម៖

១) គម្រោងនេះនឹងត្រូវអនុវត្ត ក្នុងខេត្តចំនួនប្រាំមួយ ដើម្បីអនុវត្តការពិនិត្យសុខភាពមាត់ស្បូនដោយប្រើតេស្ត HPV ដោយចែកចេញជាពីរដំណាក់កាល៖ ដំណាក់កាលទី១ ចាប់ផ្តើមនៅខែតុលា ឆ្នាំ២០២៥ នៅក្នុងខេត្តសៀមរាប ព្រះវិហារ និងខេត្តបាត់ដំបង និងដំណាក់កាលទី២ ចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៦ សម្រាប់ខេត្តកំពង់ចាម កណ្ដាល និងកំពង់ស្ពឺ។

២) ការពិនិត្យរក និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូននឹងប្រើវិធីពិនិត្យរករោគវិនិច្ឆ័យ និងព្យាបាលដោយគ្រូពេទ្យ និងឆ្មប នៅHD, OD, RH និងមណ្ឌលសុខភាព តាមរយះការបណ្តុះបណ្តាលដោយគ្រូថ្នាក់ជាតិ ហើយមណ្ឌលសុខភាព បន្តបណ្តុះបណ្តាលទៅ VHSG។

៣) នៅថ្នាក់ជាតិ នឹងពិនិត្យបង្កើតក្រុមការងារមួយសម្របសម្រួល និងគាំទ្រគម្រោងអនុវត្តន៍បង្ហាញការពិនិត្យសុខភាពមាត់ស្បូនដោយប្រើតេស្ត HPV។

៤) រៀបចំចងក្រងសៀវប្រតិបត្តិសម្រាប់ការពិនិត្យរក និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន។  

ជាកិច្ចបញ្ចប់ លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណសមាជិកទាំងអស់ចំពោះការចូលរួមយ៉ាងសកម្ម ជាពិសេសក្រុមការងារកម្មវិធីពិនិត្យរក និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន របស់ក្រសួងសុខាភិបាលដើម្បីជំរុញលើកកម្ពស់គុណភាព និងបង្កើនអត្រាគ្របដណ្តប់ការពិនិត្យសុខភាពមាត់ស្បួន ឈានទៅកាត់បន្ថយការកើនឡើងនូវជំងឺមហារីកមាត់ស្បូននៅក្នុងប្រទេសកម្ពុជា នៅដំណាច់ឆ្នាំ២០៣០។

កិច្ចប្រជុំនេះ មានសមាសភាពចូលរួមផ្ទាល់ពីលោក លោកស្រី ដែលទទួលបន្ទុកកម្មវិធីមហារីកមាត់ស្បូន និងនៅតាមមន្ទីរពេទ្យខេត្តទាំងបួន (ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងខេត្តតាកែវ) និងសមាសភាពចូលរួមតាមប្រព័ន្ធនិម្មិត (Zoom) ដែលជាសមាសភាពការពង្រឹងគុណភាពជំងឺមហារីក និងពង្រឹងគុណភាពថែទាំព្យាបាលជំងឺឆ្លងពីម្តាយទៅទារក ក្រុមការងារការងារបច្ចេកទេសជំងឺមហារីក និងដៃគូរអភិវឌ្ឍន៍ទាំងអស់ (WHO, WB, KOFIH, KOICA, JICA, KfW, GFA, MC, MMC, CHAI)។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9