Cambodia
ព័ត៌មានលំអិត

Image
ទិវាអនាម័យដៃពិភពលោក ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ពេលខ្លះយើងប្រើស្រោមដៃ ប៉ុន្តែត្រូវធ្វើអនាម័យដៃគ្រប់ពេល”
ថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៦កើត ខែពិសាខ  ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកក្នុងទិវាអនាម័យដៃពិភពលោក ក្រោមប្រធានបទ “ពេលខ្លះយើងប្រើស្រោមដៃ ប៉ុន្តែត្រូវធ្វើអនាម័យដៃគ្រប់ពេល” នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ដែលរៀបចំ នាយកដ្ឋានមន្ទីរពេទ្យ នៃក្រសួងសុខាភិបាល។

ទិវាអនាម័យដៃពិភពលោក មានគោលបំណង៖

១) លើកកម្ពស់ការអនុវត្តអនាម័យដៃឱ្យល្អប្រសើរ (ដោយប្រើបច្ចេកទេសសមស្រប និងយោងតាម WHO 5 Moments) និងពេលវេលាសម្រាប់ការប្រើប្រាស់ស្រោមដៃសមស្របនៅក្នុងដំណើរការការងារថែទាំសុខភាព

២) លើកកម្ពស់ការដាក់បញ្ចូលអនាម័យដៃនៅក្នុងយុទ្ធសាស្ត្រជាតិរបស់ IPC ក៏ដូចជានីតិវិធីប្រតិបត្តិស្តង់ដា (SOPs) នៅមូលដ្ឋានសុខាភិបាល ដោយអនុវត្តតាមអនុសាសន៍របស់ផែនការសកម្មភាពសកល និងក្របខណ្ឌត្រួតពិនិត្យ ២០២៤-២០៣០ របស់អង្គការសុខភាពពិភពលោក 

៣) លើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ស្រោមដៃមិនចាំបាច់ដែលប៉ះពាល់ដល់បរិស្ថាន និងអាកាសជាពិសេសការបោះចោលសំណល់ស្រោមដៃ។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ និងជំរុញឱ្យមូលដ្ឋានសុខាភិបាលទាំងអស់ សូមបន្តសកម្មភាពដូចតទៅ៖

១) បន្តការអប់រំ និងបណ្តុះបណ្តាលបុគ្គលិកអោយអនុវត្តអនាម័យដៃឱ្យបានត្រឹមត្រូវ

២) ផ្ដល់បរិក្ខារប្រកបដោយគុណភាព ដូចជា ទឹកសាប៊ូ និងជែលអាល់កុលឱ្យបានគ្រប់គ្រាន់

៣) រៀបចំផែនការសកម្មភាពឱ្យមានថវិកាគ្រប់គ្រាន់សម្រាប់មន្ទីរពេទ្យនីមួយៗមានសម្ភារអនាម័យដៃគ្រប់គ្រាន់

៤) ផ្តល់ព័ត៌មានត្រឡប់ជាលក្ខណៈបុគ្គលចំពោះនរណាមិនបានធ្វើអនាម័យដៃ

៥) ជំរុញការតាមដាន និងវាយតម្លៃការធ្វើអនាម័យដៃឱ្យតឹងរ៉ឹង 

៦) ជំរុញភាពជាអ្នកដឹកនាំ ថ្នាក់ដឹកនាំ ប្រធានផ្នែកគ្លីនិកធ្វើជាគំរូល្អដល់បុគ្គលិកក្រោមឱវាទ។

ជាកិច្ចបញ្ចប់លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសុខភាពពិភពលោក ដៃគូរអភិវឌ្ឍន៍នានា និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងរក្សាឱ្យប្រជាពលរដ្ឋ មានសុខភាពល្អ រស់នៅក្នុងបរិស្ថានស្អាត និងមានសុវត្ថិភាព។

សូមជម្រាបផងដែរថា ទិវាអនាម័យដៃពិភពលោក មានសភាពចូលរួមសរុបចំនួន ១៨៩ នាក់ ដែលអញ្ជើញមកពីគណៈវិជ្ជាជីវៈសុខាភិបាលទាំង៥ រួមមាន៖ គណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈឱសថការី គណៈគិលានុបដ្ឋាក និងគណៈឆ្មប ព្រមទាំងអង្គការដៃគូផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17