ខេត្តកំពង់ចាម៖ ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការ ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគក្នុងមូលដ្ឋានសុខាភិបាល ដល់សិក្ខាកាមជាគ្រូបង្គោលមកពី មន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរពេទ្យបង្អែកខេត្តកម្រិត CPA3 ទូទាំងប្រទេសដែលមានចំនួនសរុប ២៥មន្ទីរពេទ្យ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ។
គោលបំណងនៃការបណ្តុះបណ្តាលគ្រូបង្គោល ដើម្បីឱ្យសិក្ខាកាមយល់ដឹងពី ពិធីសារការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ ពិសេសការធ្វើអង្កេតដោយម៉ត់ចត់ដើម្បីទប់ស្កាត់ការលេចឡើងមេរោគថ្មី។សិក្ខាកាមត្រូវយកចំណេះដឹងនេះទៅ អនុវត្តការងារ និងផ្សព្វផ្សាយបន្តដល់បុគ្គលិកក្នុងមន្ទីរពេទ្យឱ្យបានគ្រប់គ្នាដើម្បីរួមចំណែកធ្វើឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសុវត្ថិភាពសម្រាប់អ្នកជំងឺ និងបុគ្គលិកបំរើសេវាទាំងអស់។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ បានផ្តាំផ្ញើទៅសិក្ខាកាមឱ្យមានការតាមដានការលាងដៃជាប្រចាំ ការអនុវត្តគោលការ IPC ទាំងឡាយ ដោយប្រើប្រាស់គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវធ្វើការវាយតម្លៃជាប្រចាំដោយត្រូវប្រើប្រាស់
សូចនាករត្រឹមត្រូវក្នុងគោលបំណងដើម្បីពង្រឹងការទប់ស្កាត់ ការចម្លងរោគក្នុងមន្ទីរពេទ្យអោយបានល្អប្រសើរជាប្រចាំ។ ឯកឧត្តមរដ្ឋលេខាធិការ បន្តទៀតថា មន្ត្រីក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាពត្រូវរំលឹកគ្រប់ពេលវេលាសម្រាប់ការអនុវត្តការបង្កា និងការត្រួតពិនិត្យការចម្លងរោគ(IPC) ជាប្រចាំ ព្រោះIPC ជាមូលដ្ឋានគ្រឹះក្នុងការរួមចំណែកលើកកំពស់គុណភាព សក្កសិទ្ធភាព និងសុវត្ថិភាពនៃសេវាវេជ្ជសាស្ត្រ ដែលជាហេតុនាំឱ្យមានការសម្រាកពេទ្យរយៈពេលខ្លី និងការវិលត្រលប់មកសកម្មភាពធម្មតាបានឆាប់េហ័ស។
ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់នាយកដ្ឋានមន្ទីរពេទ្យ អង្គការដៃគូ និងក្រុមការងារទាំងអស់ដែលបានចូលរួមកន្លងមក និងសូមបន្តពង្រឹងសមត្ថភាព គុណភាព សីលធម៌វិជ្ជាជីវៈឱ្យកាន់តែប្រសើឡើងដើម្បីឱ្យវិស័យសុខាភិបាលរីកចម្រើនជាលំដាប់ និងសូមឱ្យអង្គការដៃគូទាំងអស់បន្តជួយគាំទ្រទាំងបច្ចេកទេស និងថវិការ លើការងារ IPC នេះជាបន្តទៀត។