Cambodia
ព័ត៌មានលំអិត

Image
កិច្ជប្រជុំរបស់តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា (ស.អ.យ) ជាមួយក្រសួងសុខាភិបាល ស្តីពីការបំរើរសេវាថែទាំសុខភាពដល់កុមារ និងយុវជនកំព្រា និងអ្នកមានពិការភាព រស់នៅក្នុងមណ្ឌលថែទាំទារក និងកុមារជាតិ
ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នាទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការសុខភាពជនមានពិការភាព នៃក្រសួងសុខាភិបាល បានទទួលជួបគណៈប្រតិភូនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ដឹកនាំដោយ ឯកឧត្តម អេង ចំរើន រដ្ឋលេខាធិការក្រសួង ស.អ.យ។

កិច្ចប្រជុំនេះ មានគោលបំណង រិះរកមធ្យោបាយបំរើសេវាថែទាំ និងព្យាបាលជូនកុមារ និងយុវជនកំព្រា ពិការគ្មានទីពឹងដែលរស់នៅក្នុងមណ្ឌល ថែទាំទារកនិងកុមារជាតិ ក្រោមការគ្រប់គ្រងរបស់ក្រសួងសង្គមកិច្ច អតីតយុវជន និង យុវនិតិសម្បទាឱ្យបានបានរលូនប្រសើរជាងមុន។ 

ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ បានជម្រាបជូនប្រតិភូឱ្យបានជ្រាបថា ក្រសួងសុខាភិបាល បានអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយរបស់ រាជរដ្ឋាភិបាលក្នុងការលើកកំពស់សុខភាព សុខមាលភាពជូនប្រជាពលរដ្ឋគ្រប់រូបដោយមិនរើសអើង និងមិនទុកឱ្យប្រជាជនណាម្នាក់មិនទទួលបានការព្យាបាលថែទាំសុខភាពឡើយ។

ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនគណៈប្រតិភូផងដែរ ពីមន្ទីរពេទ្យជាតិណាខ្លះដែលមានសេវាព្យាបាលកុមារ និងមន្ទីរពេទ្យណាដែលទទួលព្យាបាលតែមនុស្សពេញវ័យ មន្ទីរពេទ្យខ្លះមានជំនាញឯកទេសផ្សេងៗគ្នា ដើម្បីឱ្យការបញ្ជូនកុមារ និងយុវជនពីមណ្ឌលមករកសេវាចំទិសដៅ និងទាន់ពេលវេលា។ លើសពីនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើសុំឱ្យថ្នាក់ដឹកនាំមណ្ឌល ថែទាំទារកនិងកុមារជាតិ និងក្រសួងសង្គមកិច្ច ជួយរកវិធីធ្វើប័ណ្ណមូលនិធិសមធ៌ជូនយុវជនគ្មានទីពឹងដែលរស់នៅក្នុងមណ្ឌល ដើម្បីសំរួលដល់ការមកទទួលសេវាសុខាភិបាលរបស់ប្អូនៗបានកាន់តែរលូនថែមទៀត។

អង្គប្រជុំ បានឯកភាពគ្នាក្នុងការបង្កើនកិច្ចសហការល្អ ជិតស្និតដោយផ្ទាល់រវាងភាគីពាក់ពន្ធ័ ធ្វើយ៉ាងណាឱ្យដំណើរការការងារមានប្រសិទ្ធិភាព និងទាន់ពេលវេលា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9