រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៥-២០២៦ របស់សមាគមឆ្មបកម្ពុជា។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ គុំ កាណាល់ ទីប្រឹក្សាក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងជាប្រធានសមាគមសម្ភពនិងរោគស្រ្តី លោកជំទាវវេជ្ជ. គ្រួច រ៉ាយូណែត ទីប្រឹក្សាក្រសួងសុខាភិបាល លោកស្រីសាស្ត្រាចារ្យជំនួយ គឹម រត្ន័នា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក លោកស្រី ឆាយ ស្វែងជាអាទិ៍ ប្រធានសមាគមឆ្មប និងសមាជិក សមាជិកា នៃអង្គសិក្ខាសាលាជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានសំដែងនូវសេចក្តីសោមនស្សរីករាយក្នុងការចូលរួមជាអធិបតីនៃអង្គសិក្ខាសាលា និងថ្លែងអំណរគុណចំពោះសមាជិកសមាជិកាដែលបានអញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ដើម្បីចែករំលែកនូវបទពិសោធន៍ និងផ្តល់នូវធាតុចូលក្នុងការអភិវឌ្ឍសមាគមឱ្យកាន់តែប្រសើរឡើងថែមទៀត។
ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានលើកឡើងថា ការប្រើប្រាស់សេវាសុខភាពមាតា ទារក និងកុមារ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលនាំឱ្យប្រទេសកម្ពុជាសម្រេចបានជោគជ័យដ៏ធំធេង ក្នុងការកាត់បន្ថយអត្រាមរណភាពរបស់មាតា ទារក និងកុមារ។ ស្ទើរតែគ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់ បានទទួលការពិនិត្យមុនពេលសម្រាល និង ៩៩%នៃការសម្រាលទាំងអស់ ត្រូវបានផ្តល់សេវាដោយបុគ្គលិកជំនាញ។ ដែលកត្តាជោគជ័យទាំងអស់នេះ ពិតជាមិនអាចកាត់ថ្លៃបានពីការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ឆ្មបរបស់យើង។
លោកជំទាវរដ្ឋលេខាធិការក៏បានបញ្ជាក់ផងដែរថា ការកាត់បន្ថយនូវអត្រាមរណភាពមាតា ទារក និងកុមារ គឺទាមទារឱ្យគ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវតែទទួលបានការពិនិត្យ ការតាមដានរកឱ្យឃើញសញ្ញាគ្រោះថ្នាក់ ដើម្បីអាចទទួលបានការថែទាំទាំងម្តាយ និងទារកក្នុងផ្ទៃ ហើយក៏អាចទប់ស្កាត់ផលវិបាកក្នុងពេលមានផ្ទៃពោះបានទាន់ពេលវេលា និងទទួលបានការព្យាបាលសមស្រប ដោយត្រូវអនុវត្តនូវគោលការណ៍ចំនួន ៤ ដូចខាងក្រោម៖
១- គ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់ យ៉ងតិច ៩០% ទទួលបានការពិនិត្យថែទាំ តាមដានយ៉ាងតិច៤ដង។
២- គ្រប់ការសម្រាលទាំងអស់ យ៉ាងតិច ៩០% ត្រូវធ្វើឡើងដោយបុគ្គលិកសុខាភិបាលមានជំនាញ និងនៅមូលដ្ឋានសុខាភិបាល
៣- គ្រប់មាតា និងទារកទើបកើតទាំងអស់ យ៉ាងតិច ៨០% ទទួលបានការថែទាំជាសារវ័ន្តភ្លាមៗ ក្នុងពេលសម្រាល និងក្រោយសម្រាល
៤- គ្រប់ស្ត្រីមានផ្ទៃពោះប្រឈមនឹងផលវិបាកផ្នែកសម្ភពទាំងអស់ យ៉ាងតិច ៨០% ទទួកបានសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត។
មុននឹងបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ ក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ក្នុងសិក្ខាសាលារយៈពេល២ថ្ងៃនេះ សមាជិក សមាជិកាទាំងអស់នឹងចូលរួមពិនិត្យ ផ្តល់យោបល់ ដល់ការពិនិត្យឡើងវិញនូវវឌ្ឍនភាពការងាររបស់សមាគមឆ្មប នូវចំនុចល្អ និងចំនុចខ្វះចន្លោះ ដើម្បីជាទុនក្នុងការរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំបន្ទាប់ៗទៀត។