Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីក្រសួងសុខាភិបាល « ចក្ខុវិស័យរបស់យើងទៅថ្ងៃអនាគត គឺជំរុញឱ្យការបម្រើសេវាសុខាភិបាល ឱ្យកាន់តែល្អប្រសើរឡើង ជាពិសេសសេវាពិនិត្យ និងថែទាំអ្នកជំងឺអេដស៍»
ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោកជំទាវ Winnie BYANYIMA (វីននី ប៊ីយ៉ានីម៉ា) នាយកប្រតិបត្តិអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ (UNAIDS)។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានមតិស្វាគមន៍ លោកជំទាវ Winnie BYANYIMA ដែលបានមកទស្សនកិច្ចនៅកម្ពុជា និងបានចូលរួមក្នុងកិច្ចពិភាក្សាការងារ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជា។ មិនតែប៉ុណ្ណោះ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានថ្លែងអំណរគុណចំពោះការបន្តគាំទ្ររបស់អង្គការ UNAIDS ក្នុងបេសកកម្មបញ្ចប់ការរីករាលដាលនៃជំងឺអេដស៍នៅកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងនូវចំនុចមួយចំនួន ដែលក្រសួងសុខាភិបាល បាននិងកំពុងបំពេញបេសកកម្មដ៏សំខាន់ ដូចខាងក្រោម៖

១- ក្រសួងសុខាភិបាល បានចូលរួមយ៉ាងសកម្ម និងសហការក្នុងអន្តរវិស័យ ដើម្បីឆ្លើយតបនឹងបញ្ហាមេរោគអេដស៍យ៉ាងមានប្រសិទ្ធភាព។ បន្ថែមពីនេះ រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសុខាភិបាល ជាសេនាធិការ បានសហការជាមួយដៃគូអភិវឌ្ឍន៍ អង្គការក្រៅរាជរដ្ឋាភិបាល សហគមន៍ និងសង្គមស៊ីវិល ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍នៅកម្ពុជា ដើម្បីឆ្លើយតបឱ្យបាននូវគោលនយោបាយជាតិការបញ្ចប់ជំងឺអេដស៍ ឆ្នាំ២០២៣-២០២៨។

២- ក្រសួងសុខាភិបាល ទទួលបានការគាំទ្ររបស់ដៃគូអភិវឌ្ឍ បានផ្តល់អាទិភាពក្នុងការធ្វើសមាហរណកម្មសេវាធ្វើតេស្តរកមេរោគអេដស៍ និងការថែទាំសុខភាព នៅក្នុងប្រព័ន្ធសុខាភិបាលថ្នាក់ជាតិ។ ចំណុចសំខាន់នោះគឺ ពង្រឹងលើការបម្រើសេវាថែទាំសុខភាពសម្រាប់អ្នកផ្ទុកមេរោគអេដស៍ នៅតាមមូលដ្ឋានសុខាភិបាលកម្រិតបឋម។

៣- ស្របពេលដែលក្រសួងសុខាភិបាល កំពុងពង្រឹងក្នុងការឆ្លើយតបនឹងជំងឺអេដស៍ ប្រកបដោយប្រសិទ្ធភាព ក្រសួងក៏បានជំរុញនៃការលើកកម្ពស់ក្នុងការបញ្ឈប់ការរើសអើង ចំពោះអ្នកផ្ទុកមេរោគអេដស៍ផងដែរ។

ក្នុងជំនួបនេះដែរ លោកជំទាវ Winnie BYANYIMA ក៏បានកោតសរសើរ ដល់ប្រទេសកម្ពុជា ជាពិសេសក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងក្នុងការឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជា ដែលសម្រេចបានលទ្ធផល ៩៥-៩៥-៩៥ ជាភាគរយខ្ពស់ ប្រៀបធៀបនឹងគោលដៅដាក់ចេញ ដែលកម្ពុជាធ្លាប់ជាប្រទេសមានអត្រាប្រេវ៉ាឡង់ អ្នកផ្ទុកមេរោគអេដស៍ខ្ពស់ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺ៣% ក្នុងឆ្នាំ១៩៩៦ ហើយធ្លាក់ចុះមកនៅត្រឹមតែ០.៥% ក្នុងឆ្នាំ២០២៤។

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ថា ចក្ខុវិស័យរបស់យើងទៅថ្ងៃអនាគតគឺ ជំរុញឱ្យការបម្រើសេវាសុខាភិបាល កាន់តែល្អប្រសើរឡើង ជាពិសេសសេវាពិនិត្យ និងថែទាំអ្នកជំងឺអេដស៍។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ ចំពោះការគាំទ្ររបស់អង្គការ UNAIDS និងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការបំពេញកាតព្វកិច្ចដ៏សំខាន់នេះ៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19