រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំប្រជុំ គណៈកម្មការស្រាវជ្រាវ មរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ជាមួយមន្ទីរសុខាភិបាលខេត្តកំពត និងខេត្តបាត់ដំបង ដោយមានការចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង និងឯកឧត្តម វេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បី
(១) ពិភាក្សាករណីដែលកើតមានកន្លងមក (២) បង្ហាញពីមូលហេតុដែលនាំឱ្យមានការ ស្លាប់មាតា និងទារក និង (៣) ពិនិត្យមើលផែនការកែលម្អគុណភាពសេវាមាតា និងទារកដែលបានរៀបចំដោយខេត្តកំពត និងខេត្តបាត់ដំបង។
ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង បានចូលរួមលើកជាចំនុចដែលត្រូវបន្តលើកកម្ពស់ចំនួន៤ (១) បណ្តុះបណ្តាលឆ្មប ពីឥរិយាបទនៅមន្ទីរពេទ្យខេត្ត និងមានការចូលរួមពីមន្ទីរពេទ្យសម្ព័ន្ធភាព (២) ធ្វើការទំនាក់ទំនងមុនពេលបញ្ជូនអ្នកជំងឺ (៣) រៀបចំ Checklist អំពីហានិភ័យពេលមានផ្ទៃពោះ (៤) លើកកម្ពស់ការអប់រំតាមសហគមន៍។
លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការបានមានប្រសាសន៍ក្នុងកិច្ចប្រជុំលើកទឹកចិត្តដល់ ថ្នាក់ខេត្ត លើកកម្ពស់គុណភាព មរណភាពមាតា និងទារកប្រកាន់ខ្ជាប់នូវការសំងាត់ កំណត់ពីកត្តាប្រឈមផ្សេងៗដែលពាក់ព័ន្ធ នឹងម្តាយនិងទារក និងត្រូវរៀបចំផែនការលើកម្ពស់គុណភាព សុខភាពមាតា និងទារក ពីព្រោះជាអាទិភាពខ្ពស់នៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ សូមមន្ទីរ សុខាភិបាលខេត្តទាំងអស់ធ្វើការសហការជាមួយគណៈកម្មឱ្យបានល្អ និងធ្វើរបាយការណ៍រាល់ករណីមរណភាពមាតា និងទារកមកគណៈកម្មឱ្យបានទាន់ពេល។
លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណអង្គការ WHO UNFPA និង ថ្នាក់ដឹកនាំក្រសួងសុខាភិបាលដែលបានចូលរួម ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ខេត្ត បាត់ដំបង និងខេត្ត កំពត ព្រមទាំងគណៈកម្មការស្រាវជ្រាវមរណភាពមាតា និងទារកជុំវិញកំណើតនិងការ ឆ្លើយតប ។