Cambodia
ព័ត៌មានលំអិត

Image
«តួនាទីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្តេជ្ញាចិត្តផ្នែកនយោបាយ ដើម្បីពង្រឹងកំណែទម្រង់ សម្រាប់ការថែទាំសុខភាពបឋម»
ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៥

សហព័ន្ធស្វីស៖ នាល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ យី ស៊ីយ៉ាន ទីប្រឹក្សាក្រសួងសុខាភិបាលតំណាង ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «តួនាទីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្តេជ្ញាចិត្តផ្នែកនយោបាយ ដើម្បីពង្រឹងកំណែទម្រង់ សម្រាប់ការថែទាំសុខភាពបឋម» នៃព្រឹត្តិការណ៍អមនៃមហាសន្និបាតអង្គការសុខភាពពិភពលោក។ កិច្ចប្រជុំនេះរៀបចំឡើងដោយក្រសួងសុខាភិបាល នៃប្រទេសកាហ្សាក់ស្ថាន និងសហការឧបត្ថម្ភដោយរដ្ឋាភិបាលកាណាដា បារាំង និងហុងគ្រី។ 

កិច្ចពិភាក្សានេះមានការចូលរួមដោយ រដ្ឋមន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល និងឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិនៃប្រទេសកម្ពុជា កាហ្សាក់ស្ថាន ប៊ូតាន ស្រីលង្កា អ៊ុយរ៉ាហ្កាយ និងអេត្យូពី ព្រមទាំងនាយកផ្នែកសុខភាពបឋមនៃអង្គការសុខភាពពិភពលោក និងយូនីសេហ្វ។ 

នៅក្នុងបទអន្តរាគមន៍របស់ក្រសួងសុខាភិបាលកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ បានគូសបញ្ជាក់អំពីវឌ្ឍនភាពក្នុងកំណែទម្រង់រចនាសម្ពន្ធ័សុខាភិបាល ក្នុងគោលបំណងដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលថ្នាក់មូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យ បានលើកឡើងថាសមិទ្ធផលទាំងនេះ អាចសម្រេចទៅបានដោយសារតែមានការប្តេជ្ញាចិត្តផ្នែកនយោបាយ ដើម្បីធានាថាសុខភាពបឋម គឺជាអាទិភាព នៅក្នុងគោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាបាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8