រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១២ រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំបញ្ជីការងារសម្រាប់អនុវត្តន៍ “ទោសការងារសហគមន៍” ដើម្បីប្រមូលធាតុចូលពីនាយកដ្ឋាន នានានៃក្រសួងសុខាភិបាល មន្ទីរសុខាភិបាលរាជធានី-ខេត្ត ទាំង២៥ និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទូទាំងប្រទេស លើការរៀបចំសេចក្ដីព្រាងបញ្ជីការងារនេះ សម្រាប់គោរពជូនការពិនិត្យ និងសម្រេចដោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដេីម្បីបញ្ជូនទៅក្រសួងយុត្តិធម៌ តាមសំណេីរឯកឧត្តមប្រធានអង្គប្រជុំលេីទី២ ស្តីពីការពិភាក្សា និងផ្ដល់យោបល់លើការងារពាក់ព័ន្ធនឹងការរៀបចំដាក់ឱ្យដំណើរការសាកល្បងការអនុវត្ត “ទោសការងារសហគមន៍” ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅក្រសួងយុត្តិធម៌។
កិច្ចប្រជុំនេះ បានរៀបចំឡើងដោយនាយកដ្ឋានមន្ទីរពេទ្យ ដោយមានការចូលរួមដោយផ្ទាល់ចំនួន ២៤នាក់ និងការចូលរួមតាមរយៈប្រព័ន្ធ Zoom ចំនួន ២២០ នាក់ ពីសមាជិក-សមាជិកា រួមមាន អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល នាយកដ្ឋានពាក់ព័ន្ធ មជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាល និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង ២៥ រាជធានី-ខេត្ត។