រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានការណែនាំពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលព្រមទាំងទទួលបានការចង្អុលបង្ហាញពី ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និង លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងនោះថ្នាក់ដឹកនាំក្រសួងសុខាភិបាលដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយ លោកវេជ្ជ ឃូ អ៊ាងអ៊ូ អនុប្រធាននាយកដ្ឋានផែនការនិងព័ត៌មានសុខាភិបាល និងលោក ស្រ៊ន សៀវប៉ាវ មន្រ្តីជំនួយការ បានចុះទៅពិនិត្យមណ្ឌលសុខភាពចំនួន៩ (ជុំទី២)នៅក្នុងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ។
ការចុះត្រួតពិនិត្យនេះធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញ លើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌។ ក្នុងបេសកកម្មនេះក្រុមការងារបានជួបប្រជុំ និងមានការអញ្ជើញចូលរួមពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិដង្កោ ហើយពិនិត្យការងារជារួមដោយសង្កត់ធ្ងន់លើ៩ចំណុច៖ ១-ហេដ្ឋារចនាសម្ព័ន្ឋសុខាភិបាលដោយកែលម្អអគារនិងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព ២- ធនធានមនុស្សវិស័យសុខាភិបាលដោយពង្រឹងសមត្ថភាពបុគ្គលិកនិងការគ្រប់គ្រងធនធានមនុស្ស ៣-ការគ្រប់គ្រង ការចែកចាយឱសថ និងវ៉ាក់សាំង រួមទាំងការបំពាក់សម្ភារៈ បរិក្ខារពេទ្យបនែ្ថម និងការគ្រប់គ្រងឱសថ ៤- ការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ៥-ការបំពេញការងារប្រចាំការនិងបម្រើសេវា២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍ ៦-ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺពិសេសមធ្យោបាយសេវាបញ្ជូននិងប្រព័ន្ធទំនាក់ទំនង ៧-ជំរុញលើកកម្ពស់លើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីធានាបានសន្តិសុខសុវត្ថិភាព ៨-.ជំរុញមណ្ឌលសុខភាពអោយមានវិវត្តន៍ពីល្អមធ្យម ទៅល្អបង្គួរ និងឈានទៅល្អប្រសើរ ៩-ការបណ្ដុះបណ្ដាលបន្ថែមលើការងារបច្ចេកទេសនិងប្រព័ន្ធឌីជីថល។
ជាចុងក្រោយឯកឧត្តមសាស្ត្រាចារ្យរង ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានខិតខំបម្រើសេវាថែទាំនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
គួរបញ្ជាក់ផងដែរថា មណ្ឌលសុខភាពទាំង៩ ទីតាំងមានដូចជា មណ្ឌលសុខភាព ព្រែកកំពឹស រលួស ស្ពានថ្ម សាក់សំពៅ ពងទឹក ព្រៃវែង ព្រៃស ជើងឯក ចំការដូង ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិដង្កោរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ។