Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ
ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ ក្រោមអធិបតីភាព ឯកឧត្តម ព្រុំ សុខា ទេសរដ្ឋមន្រ្តី អនុប្រធានប្រចាំការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ ដោយមានសមាសភាពចូលរួមពីតំណាងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ដែលជាសមាជិកក្រុមការងារអន្តរក្រសួង និងក្រុមការងារលេខាធិការដ្ឋាន សរុបចំនួន៥២រូប។

កិច្ចប្រជុំមានគោលបំណង ដើម្បីពិនិត្យពិភាក្សា និងកែសម្រួលចុងក្រោយលើសេចក្តីព្រាងនិយាមនីតិវិធីប្រតិបតិ្ត(SOP) ស្តីពីការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ។ ក្នុងនោះក៏បានពិនិត្យពិភាក្សា អំពីការកំណត់ភារកិច្ចជូនក្រុមការងារអន្តរក្រសួង និងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងត្រួតពិនិត្យលើការស្នើសុំនាំចូល-ចេញ ការដឹកជញ្ជូន ការចែកចាយ ការប្រើប្រាស់ និងការធ្វើសន្និធិសារ សារធាតុគីមីផ្សំ ដើម្បីបង្ការទប់ស្កាត់ការលួចបង្វែរពីសកម្មភាពស្របច្បាប់ យកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាលទ្ធផល កិច្ចប្រជុំបានធ្វើការពិនិត្យពិភាក្សា កែសម្រួល និងផ្តល់ធាតុចូលសំខាន់ៗ ដើម្បីរួមចំណែកធ្វើឱ្យសេចក្តីព្រាងនិយាមនីតិវិធីប្រតិបតិ្ត(SOP) កាន់តែមានខ្លឹមសារពេញលេញគ្រប់ជ្រុងជ្រោយ និងបានឯកភាពគ្នាទាំងស្រុងលើទម្រង់ និងខ្លឹមសារដែលបានដាក់ប្រជុំឆ្លងក្នុងកម្រិតក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

ប្រភេទព្រឹត្តិការណ៍