កិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយកម្ពុជា-បារាំង លើកទី២ នៅសាធារណរដ្ឋបារាំង
ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បត្តិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់កិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយកម្ពុជា-បារាំង លើកទី២ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នៅសាធារណរដ្ឋបារាំង។
គោលបំណងនៃកិច្ចប្រជុំនេះ បានពិភាក្សាពិគ្រោះយោបល់ទៅលើរបាយការណ៍វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង ប្រកបដោយផ្លែផ្កា ទៅលើជំនួយរដ្ឋាភិបាលបារាំងដល់ប្រទេសកម្ពុជា កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ វិស័យអប់រំ វិស័យសុខាភិបាល វិស័យបរិស្ថាន និងថាមពលប្រកបដោយនិរន្តភាព និងវិស័យវប្បធម៌។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំតំណាង ក្រសួង និងស្ថាប័នពាក់ព័ន្ធនានា រួមមានក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគររូបនីយ៍កម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងរ៉ែ និងថាមពល រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អភិបាលនៃគណៈអភិបាលរាជធានី។