កិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ហ្វីលីពីន លើកទី៤ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន
ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៤
រដ្ឋធានីម៉ានីលសាធារណរដ្ឋហ្វីលីពីន៖ ចាប់ពីថ្ងៃអង្គារ ៨រោច ដល់ថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២៤ នៅនៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមន្ត្រីបច្ចេកទេស នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រី និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ហ្វីលីពីន លើកទី៤ ដែលដឹកនាំកិច្ចប្រជុំដោយសហប្រធាន គឺ ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីកាបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម អែន រីកគេ ម៉ាណាឡូ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋហ្វីលីពីន និងមានការចូលរួមពីអន្តរក្រសួងពាក់ព័ន្ធជាច្រើន។
កិច្ចប្រជុំត្រូវបានរៀបចំឡើងរៀងរាល់២ឆ្នាំម្តង ជាប្រធាននិងម្ចាស់ផ្ទះប្តូរវេន ក្នុងគោលបំណងពិនិត្យ និងពិភាក្សាផ្លាស់ប្ដូរយោបល់ សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី លើសរសស្តម្ភទាំង៣ គឺនយោបាយសន្តិសុខ សេដ្ឋកិច្ច និងសង្គមកិច្ច ដែលរួមមានវិស័យសុខាភិបាលផងដែរ។ សម្រាប់វិស័យ សុខាភិបាល ភាគីទាំង២ បានឯកភាពគ្នា ពិភាក្សានិងរៀបចំនូវអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ដែលនឹងផ្ដោតលើការលើកកម្ពស់អប់រំសុខភាព ការថែទាំសុខភាពបឋម ការលើកកម្ពស់ សុខភាពមាតា ទារក និងកុមារ ការជំរុញនិយ័តកម្មសុខាភិបាល និងការអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការផ្លាស់ប្តូរព័ត៌មាន និងការកសាងសមត្ថភាព និងការជំរុញគំនិតផ្តួចផ្តើមសុខភាពឌីជីថល។ លើសពីនេះទៀត ភាគីទាំងពីរ បានឯកភាពលើការជំរុញកិច្ចសហប្រតិបត្តិការវិស័យឯកជន ដើម្បីអភិវឌ្ឍន៍វិស័យសុខាភិបាលប្រទេសទាំង២ ឱ្យកាន់តែរឹងមាំប្រកបដោយភាពធន់ ដើម្បីឈានទៅសម្រេចបានការគ្របដណ្ដប់សុខភាពជាសកល នាឆ្នាំ២០៣៥។