ការចុះពិនិត្យមើលស្ថានការណ៍ និងពង្រឹងការងារនៅមណ្ឌលសុខភាពក្នុងខេត្តកំពង់ស្ពឺ
ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២៤
ខេត្តកំពង់ស្ពឺ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យមើលស្ថានការណ៍ និងពង្រឹងការងារ នៅមណ្ឌលសុខភាពមួយចំនួននៅខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤។
ការចុះបេសកកម្មនេះ មានគោលបំណងសំខាន់ ដើម្បីជួយជំរុញការធ្វើឱ្យប្រសើរឡើងការផ្តល់សេវាសុខាភិបាល គ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាព នៅនឹងមណ្ឌលសុខភាព និងនៅសហគមន៍ស្របតាម "សេចក្តីណែនាំ ស្តីពីសំណុំសកម្មភាពអប្បបរមា សម្រាប់អភិវឌ្ឍន៍មណ្ឌលសុខភាព "(MPA Guidelines)។
ឆ្លៀតឱកាសដ៏មានតម្លៃនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើ និងសាកសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនចំពោះមន្ត្រី បុគ្គលិកទាំងអស់ ពិសេសមន្ត្រី និងបុគ្គលិករបស់មណ្ឌលសុខភាព។ ឯកឧត្តមក៏បានសម្ដែងការកោតសរសើរផងដែរ ដល់មន្ត្រី បុគ្គលិកមណ្ឌលសុខភាពទាំងអស់ ក្នុងការបំពេញអស់ទាំងកម្លាំងកាយ និងចិត្ត ខិតខំបម្រើសុខភាពជូនប្រជាជន ពិសេសនៅក្នុងតំបន់ទទួលខុសត្រូវរបស់ខ្លួន។
គួរកត់សម្គាល់ថា បន្ទាប់ពីបញ្ចប់ការពិនិត្យមើលការងារ និងកិច្ចសន្ទនាជាមួយមន្ត្រីតំណាងមណ្ឌលសុខភាពនីមួយៗ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្តល់ព័ត៌មានត្រឡប់ និងអនុសាសន៍ ជាក់ស្តែងនៅនឹងកន្លែងជូនដល់មណ្ឌលសុខភាពទាំង១២ មានជាអាទិ៍ ការបង្កើនការប្រើប្រាស់សេវាមណ្ឌលសុខភាពនៃជំងឺទូទៅ សេវាសុខភាពមាតា និងទារក ព្រមទាំងសេវាពិសេសមួយចំនួន រាប់ទាំងសេវាជំងឺមិនឆ្លង និងជំងឺឆ្លង ការរក្សាអនាម័យល្អ ព្រមទាំងការយកចិត្តទុកដាក់លើគុណភាពសេវា និងធានាឱ្យមានសេវា ២៤ ម៉ោង លើ២៤ ម៉ោងផងដែរ។