កិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យការអនុវត្តផែនការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល
ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការត្រួតពិនិត្យការអនុវត្តផែនការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល បានដឹកនាំកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យការអនុវត្តផែនការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលើវឌ្ឍនភាពការងាររបស់គណៈកម្មការ និងកំណត់ទិសដៅការងារបន្ត ព្រមទាំងពិភាក្សាជាពិសេសដើម្បីសម្រេចនូវចំណុចគន្លឹះទាំងឡាយ ដើម្បីបញ្ចប់ពង្រាងផែនការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល ឆ្នាំ២០២៤-២០៣៣។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនសុជាតិ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងសុខាភិបាល គណៈវិជ្ជាជីវៈសុខាភិបាលទាំង៥ ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍ដែលជាសមាជិក សមាជិកាគណៈកម្មការ។