Cambodia
ព័ត៌មានលំអិត

Image
ការចុះត្រួតពិនិត្យការងារគ្រប់គ្រងឱសថនៅក្នុងមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យបង្អែកខេត្តកណ្ដាល និងការងារពង្រឹងគុណភាពការផ្ដល់សេវាសុខាភិបាលក្នុងមណ្ឌលសុខភាព
ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២៤

ខេត្តកណ្ដាល៖ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមឱសថបណ្ឌិត ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក ស៊្រន សៀវប៉ាវ មន្រ្តីជំនួយការ បានដឹកនាំក្រុមការងារចុះទៅខេត្តកណ្ដាលដើម្បីចុះអភិបាលការងារគ្រប់គ្រងឱសថនៅតាមមណ្ឌលសុខភាព ចំនួន៥ ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកស្រុក(CPA1) ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកជ័យជំនះ (CPA3) និងឃ្លាំងឱសថមន្ទីរពេទ្យតេជោសែនកោះធំ (CPA3) នៅខេត្តកណ្ដាល។

ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ 
១) ការងារគ្រប់គ្រងមណ្ឌលសុខភាពទាំងមូល
 ២) ការងារពង្រឹងគុណភាពការផ្ដល់សេវាសុខាភិបាលក្នុងមណ្ឌលសុខភាពទាំងមូល
 ៣) អនាម័យក្នុងបរិវេណមណ្ឌលសុខភាព
 ៤) អនាម័យក្នុងមណ្ឌលសុខភាព
 ៥) អនាម័យក្នុងឃ្លាំងឱសថ
 ៦) ការងារគ្រប់គ្រងឱសថនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុកនិងមន្ទីរពេទ្យបង្អែកខេត្តកណ្ដាល។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់  និងបានសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូនដល់មន្ត្រី បុគ្គលិក នៅមណ្ឌលសុខភាពទាំងអស់ មន្ទីរពេទ្យបង្អែកស្រុកកម្រិត (CPA1) មន្ទីរពេទ្យបង្អែកជ័យជំនះកម្រិត(CPA3) និងមន្ទីរពេទ្យតេជោសែនកោះធំកម្រិត(CPA3)  នៅក្នុងខេត្តកណ្ដាល ដែលបានបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ ព្រមជាមួយការណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ត្រូវបន្តស្មារតីរួបរួមសាមគ្គីគ្នា ចេះជួយគ្នា ចេះសម្របសម្រួលការងារឱ្យបានល្អប្រសើរ គោរពវិន័យការងារក្នុងការព្យាបាលជំងឺ និងត្រូវបម្រើសេវាឱ្យបានគ្រប់២៤ ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ គោរពក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួម ដើម្បីបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌ ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

ប្រភេទព្រឹត្តិការណ៍