ការចុះពិនិត្យស្ថានភាព នៃមណ្ឌលសុខភាព និង ប៉ុស្តិ៍សុខភាពចំនួន២៣ នៃស្រុកប្រតិបត្តិ ក្នុងខេត្តកំពង់ចាម
ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២៤
ខេត្តកំពង់ចាម៖ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពី ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាលទទួលបន្ទុក មានការណែនាំពីលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមដំណើរដោយ ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលបានអញ្ជើញចុះទៅពិនិត្យស្ថានភាពនៃមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពចំនួន២៣ នៃស្រុកប្រតិបត្តិចំការលើ ស្រុកប្រតិបត្តិស្ទឹងត្រង់ ស្រុកប្រតិបត្តិកំពង់ចាម កំពង់សៀម ស្រុកប្រតិបត្តិកងមាស និងស្រុកប្រតិបត្តិស្រីសន្ធរ ក្នុងខេត្តកំពង់ចាម ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។
ការចុះត្រួតពិនិត្យនេះជាលើកទី៩ ក្នុងដំណើរសិក្សាស្វែងយល់ ដើម្បីជួយគាំទ្រ ជំរុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការផ្តល់សេវាថែទាំ និងព្យាបាល ដើម្បីធ្វើឱ្យប្រសើរឡើងការផ្តល់សេវា សុខាភិបាលគ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាព នៅមណ្ឌលសុខភាព និងសហគមន៍ ស្របតាម “សេចក្តីណែនាំស្តីពីសំណុំសកម្មភាពអប្បបរមាសម្រាប់អភិវឌ្ឍន៍មណ្ឌលសុខភាព” (MPA Guidelines)។
បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសំណូមពរដល់ក្រុមប្រឹក្សាឃុំបន្ត ជួយជំរុញការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា សម្រួលក្នុងការមកទទួលសេវាថែទាំសុខភាព និងសូមគាំទ្រដល់វិស័យសុខាភិបាល ក្នុងការអនុវត្តសកម្មភាពឱ្យបានស្របតាមគោលនយោបាយជាអាទិភាព និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តាំផើ្ញសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។
ការចុះត្រួតពិនិត្យនេះមានការចូលរួមសម្របសម្រួលពី ឯកឧត្តម គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម និងការចូលរួមដំណើរដោយ អនុប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានការិយាល័យស្រុកប្រតិបត្តិទាំង៥ អភិបាលរងស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងមន្ត្រីអមដំណើរពាក់ព័ន្ធសំខាន់ៗជាច្រើនទៀត។