Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពង្រឹងការងារគ្រប់គ្រងគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល សម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ និងរបេង ឆ្នាំ២០២៤ ដល់ ២០២៦។
ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកលនៃក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រងគម្រោងមូលនិធិសកល ដើម្បីឱ្យការអនុវត្តគម្រោងកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ ប្រកបដោយគណនេយ្យភាព តម្លាភាព និង  នវានុវត្តន៍។

គោលបំណងនៃកិច្ចប្រជុំ ដើម្បីពិនិត្យទៅលើការអនុវត្តការងារក្នុងគម្រោងហិរញ្ញប្បទានឥតសំណងមូលនិធិសកល សម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង និងកម្មវិធី C19RM ឱ្យកាន់តែរលូនទៅមុខបន្ថែមទៀត។ ការិយាល័យគ្រប់គ្រងគម្រោងមូលនិធិសកលនៃក្រសួងសុខាភិបាល (MOH-LIT) ជាភ្នាក់ងារកណ្តាលក្នុងការសម្របសម្រួលដល់អង្គភាពអនុវត្តបន្តទាំងអស់ ដូចជា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាយកដ្ឋានមន្ទីរពេទ្យ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និងមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ក្នុងការរៀបចំផែនការថវិកា ការងារបច្ចេកទេស ឱ្យស្របតាម SOP និងលក្ខខណ្ឌតម្រូវរបស់មូលនិធិសកល។  

ក្នុងនេះដែរ លោកជំទាវនាយកគម្រោង បានផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកអនុវត្តគម្រោងទាំងអស់ សូមខិតខំប្រឹងប្រែងអនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួន ជាមួយនឹងស្មារតីក្រុម ដោយសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវ របស់ក្រុមការងារត្រួតពិនិត្យបច្ចេកទេស នៃមូលនិធិកសល ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការអនុវត្តគម្រោងមូលនិធិសម្រេចបានលទ្ធផល និងគោលដៅដែលរំពឹងទុក។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការ និងជានាយករងគម្រោងមូលនិធិសកល ឯកឧត្តមប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង លោកប្រធានមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ព្រមទាំង លោក លោកស្រី តំណាងមជ្ឈមណ្ឌលជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តក្នុងគម្រោងមូលនិធិសកលទាំងអស់។

Image 1
Image 2
Image 3
Image 4

ប្រភេទព្រឹត្តិការណ៍