កិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពនៃកម្មវិធីប្រយុទ្ធនឹងជំងឺមិនឆ្លង និងការលើកទិសដៅបន្តរបស់ការិយាល័យប្រយុទ្ធនឹងជំងឺមិនឆ្លងនៃនាយកដ្ឋានការពារសុខភាព
ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព និងលើកទិសដៅបន្តរបស់ការិយាល័យប្រយុទ្ធនឹងជំងឺមិនឆ្លងនៃនាយកដ្ឋានការពារសុខភាព ដើម្បីលើកកម្ពស់ការផ្តល់សេវាសុខាភិបាលលើការការពារ និងថែទាំជំងឺមិនឆ្លងកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនាយកដ្ឋាន ការិយាល័យ និងមន្ត្រីការិយាល័យប្រយុទ្ធនឹងជំងឺមិនឆ្លងដែលចូលរួមកិច្ចប្រជុំលើកនេះ និងបានបង្ហាញពីគោលបំណងសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖
១. ការពិនិត្យលើវឌ្ឍនភាព និងលើកទិសដៅបន្តសកម្មភាពការងារ
២. បញ្ហាប្រឈម និងសំណូមពរនានា
៣. ពិភាក្សារកដំណោះស្រាយ ដើម្បីជម្រុញដល់ដំណើរការអនុវត្តការងារ។
ដោយបច្ចុប្បន្ននេះជំងឺមិនឆ្លងជាបញ្ហាសុខភាពសាធារណៈដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការណែនាំទៅដល់ថ្នាក់ដឹកនាំក៏ដូចជាមន្រ្តីនៃនាយកដ្ឋានការពារសុខភាព នូវចំនុចមួយចំនួនដូចខាងក្រោម៖
-ត្រូវខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានសាមគ្គីភាពផ្ទៃក្នុង។
-ត្រូវមានការត្រួតពិនិត្យតាមដានវាយតម្លៃការបំពេញការងារជារៀងរាល់ខែដើម្បីលើកទិសដៅក្នុងការអនុវត្តការងារបន្ត។
-ធ្វើសកម្មភាពឱ្យបានសមស្របទៅនឹងផែនការដែលបានកំណត់ និងត្រូវមានរបាយការណ៍បន្ទាប់ពីការធ្វើសកម្មភាព
-បង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ដើម្បីជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រនៃការការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លងឱ្យទទួលបានលទ្ធផលល្អប្រសើរ។
សូមបញ្ជាក់ផងដែរកិច្ចប្រជុំមានការអញ្ជើញចូលរួមពី ប្រធាននិងអនុប្រធាននាយកដ្ឋានការពារសុខភាព ប្រធានការិយាល័យនិងមន្រ្តីការិយាល័យប្រយុទ្ធនឹងជំងឺមិនឆ្លងនៃនាយកដ្ឋានការពារសុខភាព។