Cambodia
ព័ត៌មានលំអិត

Image
ជំនួបពិភាក្សាការងាររវាងក្រសួងសុខាភិបាល ជាមួយប្រតិភូ USAID, ATScale, Fred Hallow and CHAI
ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២៤

នៅទីស្តីការក្រសួងសុខាភិបាល៖ នារសៀលថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦   ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបលោក Michael Allen,  Senior Advisor, Assistive Health Technologies, Inclusive Development Hub, USAID/ATScale ក្នុងគោលបំណងដើម្បី ណែនាំបេសកកម្ម ATscale ចក្ខុវិស័យបេសកកម្ម និងវិធីសាស្រ្តកម្មវិធី ស្វែងរកឱកាសចូលរួម និងសហការគាំទ្រដៃគូរបស់ ATScale ដូចជា FHF និង CHAI បន្ថែមទៀត។

ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះ ATScale ដែលបានគាំទ្រគម្រោង Assistive Technologies និងសុខភាពភ្នែកតាមរយៈអង្គការ Fred Hallow។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនសមភាគី USAID/ATScale អំពីយុទ្ធសាស្រ្តអាទិភាពវិស័យសុខាភិបាលទាំង៩ និងផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល នាឆ្នាំ២០៣៥។ លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសរំលេចថា ការស្តារគំហើញ គឺជាផ្នែកមួយដ៏សំខាន់ក្នុងចំណោមកិច្ចការស្តារលទ្ធភាពពលកម្មដល់ប្រជាជនគោលដៅ រួមទាំងមនុស្សវ័យចាស់ និងកុមារ ជាពិសេសកុមារក្រីក្រ និងខ្វះលទ្ធភាព។

លោក Michael Allen បានជម្រាបជូនអំពីសេវាស្ដារលទ្ធភាពពលកម្ម និងឧបករណ៍អវយវៈសិប្បនិម្មិត ដែលមានសារៈសំខាន់សម្រាប់សង្គម ប៉ុន្តែមានគម្លាតខ្ពស់រវាងតំរូវការ និងការផ្ទត់ផ្គង់ សេវាស្ដារលទ្ធភាពពលកម្ម និងឧបករណ៍អវយវៈសិប្បនិម្មិត។ សេវាស្ដារលទ្ធភាពពលកម្ម និងឧបករណ៍អវយវៈសិប្បនិម្មិត ដូចជា វ៉ែនតា ឧបករណ៍ជំនួយត្រចៀកបានជួយឱ្យជនមានពិការភាពរស់នៅប្រកបដោយសុខភាពល្អ មានផលិតភាព រស់នៅដោយឯករាជ្យ មានសេចក្តីថ្លៃថ្នូ និងបានចូលរួមក្នុងសកម្មភាពអប់រំបណ្តុះបណ្តាល និងសកម្មភាពជីវិតប្រចាំថ្ងៃ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ក្រុមការងារគម្រោង ATScale ចំពោះកិច្ចសហការជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ចូលរួមគាំទ្រក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ព្រមទាំងស្នើសុំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែទូលំទូលាយទៀតសំដៅផ្តល់ភាពងាយស្រួល ជាមួយនឹង   សេវាសុខភាពសំខាន់ៗ និងចាំបាច់ ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាល នៃ      ព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ចក្ខុវិស័យវែងឆ្ងាយ ប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

Image 1
Image 2
Image 3

ប្រភេទព្រឹត្តិការណ៍