Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំគណៈកម្មការគ្រប់គ្រងគម្រោង នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៤

នៅព្រឹកថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តម យៀប ម៉ាលីណូ អគ្គនាយកគោលនយោបាយ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារ ជាសហប្រធាននៃគណៈកម្មការគ្រប់គ្រងគម្រោងជួយដល់អ្នកមានពិការភាពតាមរយៈការផ្តល់បច្ចេកវិទ្យាជំនួយ (Assistive Technology Scale-ATScale) បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងគម្រោង នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

កិច្ចប្រជុំក៏មានការចូលរួមពី ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានកម្មវិធីជាតិសុខភាពភ្នែក និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សាស្រ្តាចារ្យ វេជ្ជបណ្ឌិត លោក លោកស្រី និងមន្រ្តីជំនាញពាក់ព័ន្ធ នៃក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី ក្រុមបេសកកម្មរបស់ ATScale/UNOPS ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) អង្គការ CHAI អង្គការមូលនិធិហ្វ្រេតហូឡូ ភ្ញៀវជាតិ និងអន្តរជាតិ សរុបចំនួន ៤២ រូប។

កិច្ចប្រជុំនេះត្រូវបានរៀបចំក្នុងគោលបំណង៖
− ពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនូវសេវាស្ដារលទ្ធភាពពលកម្មកាយសម្បទារជូនជនមានពិការភាព ដែលគាំទ្រដោយអង្គការ ATScale
− ពិនិត្យនិងពិភាក្សាអំពីលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ លើកម្មវិធីសុខភាពភ្នែកឱ្យបានទូលំទូលាយ ជាពិសេសក្នុងការពង្រីកសេវាកំហុសសំណុំរូបភាព (Refractive Errors) និងសេវាសុខភាពភ្នែកផ្សេងទៀត នៅគ្រប់មន្ទីរពេទ្យបង្អែកទាំងអស់
ជាកិច្ចចាប់ផ្តើម ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ បានថ្លែងអំណរគុណដល់អង្គការ ATScale អង្គការ CHAI អង្គការមូលនិធិហ្វ្រេតហូឡូ និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធដែលបានសហការគាំទ្រគម្រោងធ្វើឱ្យប្រសើរឡើងនូវសេវាស្ដារលទ្ធភាពពលកម្មកាយសម្បទារជូនជនមានពិការភាព​តាមរយៈការផ្តល់នូវបច្ចេកវិទ្យាជំនួយ ដូចជា ឧបករណ៍ជំនួយការស្តាប់ អវៈយវៈសិប្បនិម្មិតនិងឧបករណ៍ពាក់ព័ន្ធ វ៉ែនតា និងរទេះរុញ។ល។ ដែលកិច្ចការនេះនឹងចូលរួមចំណែកយ៉ាងធំធេងជួយដល់ជនមានពិការភាពអាចមានលទ្ធភាពបំពេញការងារ និងរស់នៅជាធម្មតាដូចប្រជាជនទូទៅដែរ ហើយក៏នឹងចូលរួមចំណែកអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនាឆ្នាំ២០៣៥។

ព្រមជាមួយគ្នានោះដែរ ឯកឧត្តម យៀប ម៉ាលីណូ បានផ្តល់ជាយោបល់ថា យើងក៏គួរពិចារណាការដាក់បញ្ចូលការចំណាយទៅលើសេវាកំហុសកុំណុំរូបភាព និងព្យាបាល និងស្តារនីតិសម្បទា ទៅក្នុងប្រព័ន្ធជំនួយសង្គម ព្រោះប្រព័ន្ធនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនក្រីក្រនិងងាយរងគ្រោះ។

ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងឆ្លើយតបទៅនឹងយុទ្ធសាស្ត្រសម្រាប់ការងារគ្រប់គ្រង និងបង្ការភាពពិការភ្នែក កម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាលបានជំរុញ និងលើកទឹកចិត្តដល់មន្ទីរសុខាភិបាលគ្រប់រាជធានី-ខេត្ត បង្កើតផែនទីបង្ហាញផ្លូវដែលត្រូវទៅនឹងបរិបទរបស់ខ្លួន  ព្រមទាំងបង្កើតនិងពង្រឹងមណ្ឌលថែទាំភ្នែក ដែលនឹងផ្តល់សេវាសុខភាពភ្នែកជូនប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមសហការរបស់ក្រសួងពាក់ព័ន្ធក្នុងការផ្តល់សេវាសុខភាពភ្នែកគ្រប់ជ្រុងជ្រោយជូនប្រជាពលរដ្ឋ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការក្រសួងសុខាភិបាល បានស្នើសុំអង្គការ ATScale និងដៃគូពាក់ព័ន្ធទាំងអស់បន្តជួយឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេសដល់គម្រោងនេះ និងបានថ្លែងអំណរគុណដល់អង្គការ UNOPS ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) អង្គការ CHAI អង្គការមូលនិធិហ្វ្រេតហូឡូ ដែលពិតជាបានចូលរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

ប្រភេទព្រឹត្តិការណ៍