ការចុះពិនិត្យស្ថានភាព នៃមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពចំនួន១៥ នៃស្រុកប្រតិបត្តិទាំង៣ ក្នុងខេត្តកំពង់ធំ
ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៤
ខេត្តកំពង់ធំ៖ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពី ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាលទទួលបន្ទុក និងមានការណែនាំពីលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមដំណើរដោយ ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យ ស្ថានភាព នៃមណ្ឌលសុខភាពចំនួន១០ និងប៉ុស្តិ៍សុខភាពចំនួន ៥ នៃស្រុកប្រតិបត្តិស្ទោង ស្រុកប្រតិបត្តិកំពង់ធំ និងស្រុកប្រតិបត្តិបារាយសន្ទុក ក្នុងខេត្តកំពង់ធំ។
ការចុះត្រួតពិនិត្យនេះជាលើកទី៦ ក្នុងដំណើរសិក្សាស្វែងយល់គាំទ្រ ជំរុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការថែទាំ និងព្យាបាល ដើម្បីធ្វើឱ្យប្រសើរឡើងការផ្តល់សេវាសុខាភិបាលគ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាព នៅមណ្ឌលសុខភាព និងសហគមន៍ ស្របតាម “សេចក្តីណែនាំស្តីពីសំណុំសកម្មភាពអប្បបរមាសម្រាប់អភិវឌ្ឍមណ្ឌលសុខភាព។
ឯកឧត្តមរដ្ឋលេខាធិការបានសម្ដែងនូវការកោតសរសើរដ៏ស្មោះស្ម័គ្រ ចំពោះថ្នាក់ដឹកនាំមន្ទីរសុខាភិបាល មន្ត្រីគ្រប់ជាន់ថ្នាក់ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធចំពោះកិច្ចខិតខំប្រឹងប្រែងដែលត្រូវបានធ្វើឡើងដើម្បីកែលម្អមុខងាររបស់មណ្ឌលសុខភាពឱ្យទទួលបាននូវលទ្ធផលល្អគួរឱ្យកោតសរសើរ និងបានជួយគាំទ្រ ជំរុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមរដ្ឋលេខាធិការក៏បានផ្ដល់ជាអនុសាសន៍ណែនាំជូនដល់ក្រុមការងារដែលមានដូចជា៖
១). គិតគូរផែនការរួមបញ្ចូលគ្នារបស់មណ្ឌលសុខភាព និងការចូលរួមសហគមន៍
២). ពង្រាយធនធានមនុស្សវិស័យសុខាភិបាលដោយពង្រឹង សមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស
៣). ពង្រឹងប្រព័ន្ធកត់ត្រានូវព័ត៌មានអ្នកមកប្រើប្រាស់សេវាឱ្យបានត្រឹមត្រូវ និងជាប់លាប់រួមទាំងបំពាក់សម្ភារបរិក្ខារពេទ្យបនែ្ថម និងការគ្រប់គ្រងឱសថ
៤). លទ្ធភាពគ្រប់គ្រងក្នុងការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ
៥). ផ្សព្វផ្សាយប្រព័ន្ធលេខទូរសព្ទទាន់ហេតុការណ៍សម្រាប់មណ្ឌលសុខភាពនីមួយៗផ្ដល់ឱ្យបុគ្គលិកប្រើប្រាស់ប្រចាំការទៅតាមវេនយាម ២៤ម៉ោង ត្រូវផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យដឹងទូលំទូលាយ
៦). ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺពិសេសមធ្យោបាយ សេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង
៧). ពង្រឹងការអនុវត្តសកម្មភាពមន្ត្រីមានបទពិសោធន៍ចុះជួយបណ្តុះបណ្តាលដល់មណ្ឌលសុខភាព
៨). រៀបចំផែនការសកម្មភាព ដោយពិនិត្យទៅលើវឌ្ឍនភាពការងារ និង
៩). ជំរុញលើកកម្ពស់លើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបានសន្តិសុខសុវត្ថិភាព។
បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសំណូមពរដល់ក្រុមប្រឹក្សាឃុំបន្ត ជួយជំរុញការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា សម្រួលក្នុងការមកទទួលសេវាថែទាំសុខភាព និងសូមគាំទ្រដល់វិស័យសុខាភិបាល ក្នុងការអនុវត្តសកម្មភាពឱ្យបានស្របតាមគោលនយោបាយជាអាទិភាព និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តាំផើ្ញសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។
ការចុះត្រួតពិនិត្យនេះមានការចូលរួមសម្របសម្រួលពីអនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ និងការចូលរួមដំណើរដោយ ប្រធានការិយាល័យស្រុកប្រតិបត្តិទាំង៣ អភិបាលរងស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងមន្ត្រីអមដំណើរពាក់ព័ន្ធសំខាន់ៗជាច្រើន។
សូមបញ្ជាក់ថា ក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមនៅកម្រិតមណ្ឌលសុខភាព នៃក្រសួងសុខាភិបាល បានចុះពង្រឹងការបម្រើសេវាសុខភាពនៅមណ្ឌលសុខភាពទូទាំង ២៥ ខេត្តក្រុង ក្នុងនោះ ខេត្តកំពង់ធំ ក្រុមការងារបានចុះមណ្ឌលសុខភាព សរុបចំនួន ៥៦ និងប៉ុស្តិ៍សុខភាពចំនួន៥ បញ្ចប់ជំហានទី ១ ស្មើនឹង១០០% ទូទាំងខេត្តកំពង់ធំ រៀបចំផែនការសកម្មភាពក្នុងជំហានបន្ទាប់ ដើម្បីពង្រឹងឱ្យបានកាន់តែប្រសើរ នូវហេដ្ឋារចនាសម្ព័ន្ធ សម្ភារបរិក្ខារក្នុងមណ្ឌលសុខភាព ធានាបានការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។