Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំគណៈកម្មាធិការលើកកម្ពស់គុណភាពថែទាំ និងសុវត្ថិភាពអ្នកជំងឺ
ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការលើកកម្ពស់គុណភាពថែទាំ និងសុវត្ថិភាពអ្នកជំងឺ។

កិច្ចប្រជុំនេះមានគោលបំណង ចំនួន៣ចំបង៖
១. ការសហការណ៍គ្នារវាងការិយាល័យគិលានុបដ្ឋាក និងឆ្មប គណៈគិលានុបដ្ឋាក គណៈឆ្មប សមាគមគិលានុបដ្ឋាក និងសមាគមឆ្មបកម្ពុជា
២. រៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥ របស់ការិយាល័យគិលានុបដ្ឋាក និងឆ្មប គណៈគិលានុបដ្ឋាក គណៈឆ្មប សមាគមគិលានុបដ្ឋាក និងសមាគមឆ្មបកម្ពុជា
៣. ការផ្តួចផ្តើមគំនិតដើម្បីពិនិត្យ និងកែសម្រួលគោលនយោបាយជាតិស្តីពីការថែទាំរបស់គិលានុបដ្ឋាក និងឆ្មបស្របតាមគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក។
 
អង្គប្រជុំបានឯកភាពដាក់ចេញនូវសកម្មភាពអាទិភាពមួយចំនួនដូចជា៖ គណៈឆ្មបកម្ពុជាបានបង្ហាញពីគោលជំហរផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥ គឺជំរុញការចុះបញ្ជិកា និងការបន្តអាជ្ញាបណ្ណឆ្មបឱ្យបាន១០០%។ គណៈគិលានុបដ្ឋាកជាតិក៏បានបង្ហាញពីគោលជំហរផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥ រួមមាន៖ (១) ផ្សព្វផ្សាយក្រមសីលធម៌វិជ្ជាជីវៈ ដែនកំណត់វិជ្ជាជីវៈ និងនិយាមវិជ្ជាជីវៈគិលានុបដ្ឋាក (២) រៀបចំប្រព័ន្ធចុះបញ្ជិកា និងបន្តអាជ្ញាបណ្ណតាមប្រព័ន្ធអនឡាញ (៣) ពង្រឹងការសហការជាមួយដៃគូរអភិវឌ្ឍវិជ្ជាជីវៈដើម្បីបន្តបណ្តុះបណ្តាលការអភិវឌ្ឍវិជ្ជាជីវៈបន្តដល់គិលានុបដ្ឋាក។ ចំណែកសមាគមឆ្មបបានបង្ហាញពីគោលជំហរផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥ រួមមាន ៖ (១) បន្តការបណ្តុះបណ្តាលឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន (២) ការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះសម្រាប់កម្មវិធីសមាគមឆ្មបអន្តរជាតិឆ្នាំ២០២៥។ 

ជាកិច្ចបញ្ចប់ លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ដែលបានចូលរួមកន្លងមក និងបន្តពង្រឹងសមត្ថភាព គុណភាព សីលធម៌វិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ ហេង សុទ្ធី អនុរដ្ឋលេខាធិការ លោកអនុប្រធាននាយកដ្ឋានមន្ទីរពេទ្យ ការិយាល័យគិលានុបដ្ឋាក តំណាងមន្ទីរពេទ្យជាតិ គណៈគិលានុបដ្ឋាកកម្ពុជា គណៈឆ្មបជាតិកម្ពុជា និងសមាគមឆ្មបជាតិកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5

ប្រភេទព្រឹត្តិការណ៍