កិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមមន្រ្តី International Monetary Fund (IMF) ស្តីពីសេវាថែទាំសុខភាពនៅកម្ពុជា
ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំ កិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមមន្រ្តី IMF ដែលដឹកនាំដោយលោក Kenichiro Kashiwase ប្រធានបេសកកម្មនៅកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំពិភាក្សាបានផ្តោតលើទិដ្ឋភាពសំខាន់ៗ នៃវិស័យសុខាភិបាល នៅក្នុងបរិបទនៃការអភិវឌ្ឍមូលធនមនុស្ស រួមមាន វឌ្ឍនភាពនៃការកែលម្អស្ថានភាពសុខភាពប្រជាជនកម្ពុជា ការលើកកម្ពស់គុណភាពសេវាការពង្រីកប្រព័ន្ធគាំពារសុខភាពសង្គម ការកែលម្អគុណភាពសេវា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាល ភាពប្រឈមផ្នែកសុខភាព និងការផ្តល់សេវាសុខាភិបាល និងទស្សនទាននៃហិរញ្ញប្បទានសុខាភិបាលសម្រាប់រយៈពេលវែង។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល និងប្រធាននាយកដ្ឋានពាក់ព័ន្ធនានាផងដែរ។