ការចុះពិនិត្យ និងសួរសុខទុក្ខ អប់រំសុខភាពជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៤
ខេត្តត្បូងឃ្មុំ៖ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹកថ្ងៃសោរ៍ ១១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងសុខាភិបាល ដោយមានការចូលរួមពីលោកឱសថការី ផុល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ យុវជនកាកក្របាទក្រហមកម្ពុជាខេត្តត្បូងឃុំ អាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពទឹកជំនន់ អប់រំសុខភាព អនាម័យក្នុងការរស់ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន៦៨៥គ្រួសារ កំពុងស្នាក់នៅបណ្តោះអាសន្នលើទីទួលសុវត្ថិភាពឧកញ៉ា វន់ ប៊ុនថៃ ឧកញ៉ា អាន ម៉ារឌី វត្តទន្លេបិទ និងភូមិទួលខ្សាច់ ។
ក្នុងឱកាសនោះឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ប្រជាជនត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការថែររក្សាសុខភាព ដោយត្រូវហូបស្អាត ផឹកស្អាតអនាម័យស្អាត រស់នៅស្អាត និងចេះអនាម័យខ្លួនប្រាណ ដើម្បីចៀសឆ្ងាយពីការឆ្លងការជំងឺផ្សេងៗ និងជាពិសេសប្រុងប្រយ័ត្នចំពោះក្មេងតូចៗ កុំអោយលេងទឹក និងហែលទឹកផ្តេសផ្តាស ព្រោះក្នុងរយៈពេលទឹកជំនន់ប៉ុន្មានថ្ងៃមកនេះមានករណីលង់ទឹកស្លាប់រួចទៅហើយ និងបានបន្ថែមអំពីការប្រុងប្រយ័ត្នក្នុងពេលកំពុងមានទឹកជំនន់ ក្រោយពេលទឹកស្រក ត្រឡប់ទៅលំនៅស្ថានវិញ ព្រមទាំងបានផ្តល់ជូននូវសៀវភៅអប់រំអំពីប្រការដែលគ្រួសារនីមួយៗត្រូវអនុវត្ត ដែលមានដូចជា៖ ១. មុនពេល ២. អំឡុងពេល ៣. ក្រោយពេលមានទឹកជំនន់ ដល់បងប្អូនប្រជាពលរដ្ឋផងដែរ។
ជាពិសេសឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យអាជ្ញាធរនៅមូលដ្ឋាន និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលនៅប្រចាំការនៅទីទួលសុវត្ថិភាព ត្រូវបន្តយកចិត្តទុកដាក់តាមដានដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីត្រៀមបង្ការជួយឱ្យទាន់ពេលវេលានូវរាល់បញ្ហាប្រឈម ដែលកើតឡើង ជាយថាហេតុ។