Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារអគ្គាធិការដ្ឋានក្រសួងសុខាភិបាល
ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមសាស្ដ្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់អគ្គាធិការដ្ឋាន និងលើកទិសដៅបន្តរបស់អគ្គាធិការដ្ឋានក្រសួងសុខាភិបាល។

កិច្ចប្រជុំនេះក៏មានការចូលរួមពីឯកឧត្ដមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល
ក្នុងគោលបំណងពិនិត្យ កែលម្អចំណុចខ្វះខាតដែលបានកើតឡើងកន្លងមក និងលើកទិសដៅបន្តដោយឈរលើស្មារតីបុរេសកម្ម ដោះស្រាយបាតុភាពទាំងឡាយពាក់ព័ន្ធនឹងវិស័យសុខាភិបាល និងជម្រុញឲ្យកាន់តែប្រសើរឡើងនៃតួនាទីភារកិច្ចរបស់អគ្គាធិការដ្ឋាន ដើម្បីចូលរួមក្នុងការពង្រឹងអភិបាលកិច្ចល្អ ក្នុងបរិបទកំណែទម្រង់។
 
ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្ដមសាស្ត្រាចារ្យ ក៏បានលើកសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីអគ្គាធិការដ្ឋាន ដែលបានខិតខំប្រឹងប្រែង និងសម្រេចបានលទ្ធផលល្អប្រសើរជាច្រើនពាក់ព័ន្ធនឹងការងារត្រួតពិនិត្យ និងអធិការកិច្ច។

ឯកឧត្ដមសាស្ត្រាចារ្យបានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គាធិការដ្ឋានក្រសួងសុខាភិបាលដូចខាងក្រោម៖
១. ត្រូវបន្តពង្រឹងសមត្ថភាពបន្ថែមតាមរយៈការស្រាវជ្រាវឯកសារច្បាប់បទដ្ឋានគតិយុត្ត អភិវឌ្ឍសមត្ថភាពតាមរយៈការចូលរួមបណ្តុះបណ្ដាលផ្សេងៗ និងត្រូវចែករំលែកបន្តដល់មន្ត្រីដែលបម្រើការងារក្នុងអង្គភាព។
២.ត្រូវបន្តរក្សាសាមគ្គីភាពផ្ទៃក្នុង ខិតខំបំពេញការងារប្រកបដោយគុណភាព សុក្រឹតភាព ភាពស្អាតស្អំ និងយុត្តិធម៌
៣.ការពង្រឹងលើការងាររៀបចំចងក្រងរបាយការណ៍ និងការសន្និដ្ឋានត្រូវប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ ច្បាស់លាស់ និងយុត្តិធម៌។
៤.បន្តចូលរួមតាមដានស្ថានការណ៍ ដែលពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងវិស័យសុខាភិបាល ដោយឈរលើស្មារតីបុរេសកម្មក្នុងការចុះធ្វើអធិការកិច្ចជាបន្ទាន់ប្រសិនបើមានបាតុភាព ឬមានបណ្ដឹងកើតឡើង។

Image 1
Image 2
Image 3

ប្រភេទព្រឹត្តិការណ៍