កិច្ចប្រជុំលើកទី៨ ស្ដីពីការអប់រំសុខភាព និងលើកកម្ពស់សុខភាព
ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំលើកទី ៨ ស្ដីពីការអប់រំសុខភាព និងលើកកម្ពស់សុខភាព ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពការងារអប់រំសុខភាព ដោយពិនិត្យមើលលើវឌ្ឍនភាព និងដំណើរការងារតាមផ្នែកពាក់ព័ន្ធ រួមទាំងកំណត់ផែនការបន្ទាប់។
កិច្ចប្រជុំនេះបានរៀបចំឡើងដោយ មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព និងមានការចូលរួមដោយក្រុមការងារជាមន្ត្រីបង្គោល មកពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាយកដ្ឋានសុខភាពផ្លូវចិត្តនិងការបំពានគ្រឿងញៀន នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសម្អាង មជ្ឈមណ្ឌលជាតិគាំពាមាតា និងទារក មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត រួមទាំងតំណាងដៃគូរអភិវឌ្ឍវិស័យសុខាភិបាល សរុបទាំងអស់ចំនួន ២៦នាក់ ។
ឆ្លៀតក្នុងឱកាសនេះ ក៏មានពិធីប្រគល់-ទទួលទូរទស្សទន៍ទំហំ ៥៥អ៉ីញ ចំនួន ១០គ្រឿង ជូនមន្ទីរសុខាភិបាលខេត្ត កំពង់ចាម (៤គ្រឿង) និងខេត្តត្បូងឃ្មុំ (៦គ្រឿង) ពីអង្គការ Population Services International (PSI Cambodia) ដើម្បីជាការចូលរួមចំណែកក្នុងការផ្សព្វផ្សាយសារអប់រំ និងលើកកំពស់សុខភាព នៅតាមមណ្ឌលសុខភាពដែលខ្វះខាត នៅក្នុងខេត្តទាំងពីរនេះផងដែរ។