Cambodia
ព័ត៌មានលំអិត

Image
ការចុះអភិបាលត្រួតពិនិត្យលើវឌ្ឍនភាពការងារអនុវត្តកម្មវិធីសុខភាពមាត់-ធ្មេញ នៅតាមមូលដ្ឋានសុខាភិបាលរាជធានី-ខេត្ត
ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២៤

ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំដោយ ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល អមដំណើរដោយលោកវេជ្ជបណ្ឌិត ភូ លាង អគ្គនាយករងបច្ចេកទេសសុខាភិបាល និងក្រុមការងារ ចុះពិនិត្យវឌ្ឍនភាពការងារលើកកម្ពស់ការផ្តល់សេវាសុខភាពមាត់-ធ្មេញ ចំនួន០៤មន្ទីរពេទ្យ រួមមាន មន្ទីរពេទ្យបង្អែកព្រៃកប្បាស មន្ទីរពេទ្យបង្អែកខេត្តតាកែវ នៃមន្ទីរសុខាភិបាលខេត្តតាកែវ និងមន្ទីរពេទ្យបង្អែកអង្គរជ័យ មន្ទីរពេទ្យបង្អែកខេត្តកំពត នៃមន្ទីរសុខាភិបាលខេត្តកំពត។

ក្រោយពីការចុះពិនិត្យជាក់ស្តែងលើស្ថានភាពទូទៅក្នុងផ្នែកព្យាបាលមាត់-ធ្មេញ របស់មន្ទីរពេទ្យ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានឆ្លៀតឱកាសសំណេះសំណាលសាកសួរសុខទុក្ខ ដល់ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីផ្នែកសុខភាពមាត់-ធ្មេញ និងប្រជុំពិភាក្សាបូកសរុបលទ្ធផលជាមួយ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត  ប្រធានក្រុមប្រឹក្សាគណៈទន្តពេទ្យខេត្ត ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្ត មន្ត្រីបង្គោលសុខភាពមាត់-ធ្មេញ ព្រមទាំងមន្រ្តីសុខាភិបាលពាក់ព័ន្ធ ហើយក៏បានផ្តល់ជាអនុសាសន៍គន្លឹះមួយចំនួន ដូចខាងក្រោម៖

១) រៀបចំផែនការអភិវឌ្ឍន៍ការងារផ្តល់សេវា រួមមានផែនការ រៀបចំកែលម្អផ្នែកសុខភាពមាត់-ធ្មេញ រៀបចំរចនាសម្ព័ន្ធបុគ្គលិក និងរៀបចំផែនការនៃតម្រូវការឧបករណ៍ សម្ភារៈ បរិក្ខារ និងឱសថសារវន្ដ ដែលមានតម្រូវការចាំបាច់ជាអាទិភាព។
២) រៀបចំផែនការអភិវឌ្ឍន៍ការងារអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមមូលដ្ឋានសុខាភិបាលសាធារណៈ សាលារៀន និងសហគមន៍ផ្សេងៗ ដើម្បីបញ្រ្ជាបការយល់ដឹងពីបញ្ហាប្រឈមនឹងជំងឺមាត់-ធ្មេញ។
៣) ពង្រឹងការងារកត់ត្រាទិន្នន័យអ្នកជំងឺ និងបញ្ចូលទៅក្នុងប្រព័ន្ធព័ត៌មានសុខាភិបាលឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
៤) សូមឱ្យគណៈទន្តពេទ្យ និងគណៈគិលានុបដ្ឋាក រៀបចំផែនការអនុវត្តរបស់ខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវធ្វើការត្រួតពិនិត្យ តាមដាន និងវាយតម្លៃជាប្រចាំ នូវគុណវឌ្ឍិរបស់អ្នកប្រកបវិជ្ជាជីវៈរបស់ខ្លួន ដើម្បីផ្តល់សេវាជូនអ្នកជំងឺ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
៥) សូមឱ្យសមត្ថកិច្ចពាក់ព័ន្ធការងារគ្រប់គ្រងសេវាឯកជន រួមមានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ បន្តចុះពង្រឹងត្រួតពិនិត្យ នៅតាមទីតាំងផ្តល់សេវាពិគ្រោះព្យាបាល និងថែទាំជំងឺមាត់-ធ្មេញ ឯកជនឱ្យបានហ្មត់ចត់ មុនផ្តល់លិខិតអនុញ្ញាតជូនទៅអតិថិជន ដើម្បីធានាសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ព្រមទាំងថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ដល់ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីសុខាភិបាលក្រោមឱវាទទាំងអស់ ដែលបានខិតខំប្រឹងប្រែងលះបង់ទាំងកម្លាំងកាយចិត្ត បំពេញការងារកន្លងមក ពិសេសដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តផ្ទាល់ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមជំរុញគាំទ្រសកម្មភាពលើកកម្ពស់សុខភាពមាត់-ធ្មេញ និងបន្តអនុវត្តសកម្មភាពនេះ បម្រើជូនប្រជាជន ឱ្យកាន់តែប្រសើរឡើងថែមទៀត។

គួរបញ្ជាក់ផងដែរថា បេសកកម្មខាងលើ មានការចូលរួមពី លោកវេជ្ជបណ្ឌិត លៀម គ្រាន អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ លោកស្រីឱសថការី លី កែវធីតា អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត មន្ត្រីជំនាញការិយាល័យសុខភាពមាត់-ធ្មេញ ប្រធានការិយាល័យនិយ័តកម្មសុខាភិបាល ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកស្រុក-ខេត្ត ប្រធានក្រុមប្រឹក្សាគណៈទន្តពេទ្យខេត្ត ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្ត និងមន្ត្រីពាក់ព័ន្ធការងារលើកកម្ពស់សុខភាពមាត់ធ្មេញផងដែរ៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6

ប្រភេទព្រឹត្តិការណ៍