កិច្ចប្រជុំលើកទី១៣ របស់ក្រុមការងារ ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាព "សេចក្តីណែនាំ ស្តីពីសំណុំសកម្មភាពបង្គ្រប់ សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក" (CPA Guidelines)
ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងការណែនាំពី ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការ ឯកឧត្តមវេជ្ជ. ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីរៀបចំសេចក្តីណែនាំសម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក សហការជាមួយ ឯកឧត្តម លោកជំទាវអនុប្រធាន ដឹកនាំកិច្ចប្រជុំលើកទី១៣ របស់ក្រុមការងារ ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាព " សេចក្តីណែនាំ ស្តីពីសំណុំសកម្មភាពបង្គ្រប់ សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក" (CPA Guidelines) នៅទីស្តីការក្រសួងសុខាភិបាល។
អង្គប្រជុំបានដំណើរការពេញមួយព្រឹកដោយរលូន និងជោគជ័យ ដែលក្នុងនោះបានផ្តោតសំខាន់ និងពិភាក្សាយ៉ាងលំអិតលើការធ្វើបច្ចុប្បន្នភាពនៃ "ជំពូកការងារ មន្ទីរពិសោធន៍ " . "ជំពូកស្តីពីជំងឺមិនឆ្លង" និង ជំពូកផ្នែកសុខភាពផ្លូវចិត្ត និង សុខភាពមាត់ធ្មេញ៉ ព្រមទាំងកិច្ចការមួយចំនួនទៀត។ គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះក្រុមការងារបានដំណើរការការងាររបស់ខ្លួនអស់រយ:ពេលប្រមាណ ១២ ខែ និងបានបំពេញការងារបានប្រមាណ ៧៩% ធៀបនឹងទំហំការងារសរុប ហើយដែលគ្រោងនឹងបញ្ចប់តាមផែនការគ្រោងទុកអោយបានមុនដំណាច់ឆ្នាំ២០២៤ ខាងមុខនេះ។
អង្គប្រជុំនេះ បានរៀបចំតាមកិច្ចប្រជុំផ្ទាល់ និងអនឡាញ តាមប្រព័ន្ធZoom ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ទីប្រឹក្សា លោក លោកស្រី តំណាងអគ្គនាយកដ្ឋាន នាយកដ្ឋាន អង្គភាពថ្នាក់កណ្តាល តំណាងមន្ទីរសុខាភិបាល និង មន្ទីរពេទ្យបង្អែកខេត្ត ស្រុក តំណាងដៃគូអភិវឌ្ឍន៍ សមាជិកសមាជិការក្រុមការងារ និងអ្នកពាក់ព័ន្ធនឹងក្រុមការងារ CPA ចូលរួមទាំងអស់ មានចំនួន ៣០ រូប។