កិច្ចប្រជុំពិភាក្សាក្រុមការងារបច្ចេកទេសសុខភាពជនទេសន្តរប្រវេសន៍ថ្នាក់ជាតិ នៃក្រសួងសុខាភិបាល
ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសសុខភាពជនទេសន្តរប្រវេសន៍ថ្នាក់ជាតិ(ក.ស.ទ) នៃក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពិភាក្សាក្រុមការងារបច្ចេកទេសសុខភាពជនទេសន្តរប្រវេសន៍ថ្នាក់ជាតិ នៃក្រសួងសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល។
កិច្ចប្រជុំនេះ មានគោលបំណងស្ដាប់ពីរបាយការណ៍ការងារ ប្រចាំឆ្នាំ២០២៣ និងឆមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងារលេខាធិការដ្ឋានដែលបានអនុវត្តកន្លងមកលើការងារ ផែនការសកម្មភាពជាតិសុខភាពជនទេសន្តរប្រវេសន៍ និងពិភាក្សាដាក់ចេញនូវផែនការអនុវត្តសកម្មភាពបន្ត ពិនិត្យការផ្តល់ការគាំទ្ររបាយការណ៍ និងលើកកម្ពស់ឱ្យមានប្រព័ន្ធការរាយការណ៍អំពីសុខភាពជនទេសន្តរប្រវេសន៍ និងឯកសារដើម្បីបំពេញតាមស្តង់ដារGCM។ ហើយក៏បានពិនិត្យវឌ្ឍនភាព សមិទ្ធិផល និងមេរៀនដែលទទួលបានពីមូលនិធិឌ្រីមឡបមែនថ៍ គម្រោងសុខភាពទេសន្តរប្រវេសន៍ DreamlopmentsFoundation -The Migrant Fund (M-FUND) ជាពិសេសសម្រាប់ការការពារសុខភាពជនទេសន្តរប្រវេសន៍ជាសមាជិកមកពីប្រទេសកម្ពុជាដែលបានចុះឈ្មោះដោយស្ម័គ្រចិត្តនៅខេត្តស្រះកែវ ត្រាត និងឧប៊ុនរាជថៈនីក្នុងប្រទេសថៃ ព្រមទាំងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងពិភាក្សាពីតម្រូវការ និងឱកាសដើម្បីពង្រីកសកម្មភាពគ្របដណ្តប់ទៅតំបន់តាមបណ្តោយព្រំដែនផ្សេងទៀត។
ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធាន ក.ស.ទ ឯកឧត្តម សុខ ស្រ៊ុន ប្រធានលេខាធិការដ្ឋាន លោកជំទាវ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងឯកឧត្តម លោកជំទាវ សាស្ត្រាចារ្យ ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងតំណាងអង្គការដៃគូអភិវឌ្ឍន៍។