កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ និងពិនិត្យវឌ្ឍនភាព របស់ក្រុមការងារបច្ចេកទេសផ្នែកសុខភាពមាត់-ធ្មេញ (Sub-technical working group for Oral Health) នៃក្រសួងសុខាភិបាល
ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានអនុសាសន៍យកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាប្រធានក្រុមការងារបច្ចេកទេសសុខភាពមាត់-ធ្មេញ បានដឹកនាំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ និងពិនិត្យវឌ្ឍនភាពការងារ របស់ក្រុមការងារបច្ចេកទេសផ្នែកសុខភាពមាត់-ធ្មេញ។
កិច្ចប្រជុំមានគោលបំណងពិភាក្សាពិគ្រោះយោបល់ ស្វែងរកមធ្យោបាយគន្លឹះជាយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍន៍ផ្នែកសុខភាពមាត់-ធ្មេញ នៅកម្ពុជាឱ្យមានការរីកចម្រើន ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់សេវាសុខភាពជាសកលជូនដល់ប្រជាពលរដ្ឋ។
នៅកិច្ចប្រជុំនេះក៏មានការធ្វើបទបង្ហាញពីវឌ្ឍនភាពការងារ និងការលើកទិសដៅបន្តរបស់ការិយាល័យសុខភាពមាត់-ធ្មេញ មណ្ឌលសហប្រតិបត្តិការនុវានុវត្តន៍សម្រាប់សុខភាពមាត់-ធ្មេញប្រជាជន (CIPO) នៃសកលវិទ្យាល័យពុទ្ធិសាស្រ្ត អង្គការគម្រោងពុទ្ធិកបណ្ណាល័យកម្ពុជា (BLCP) អង្គការមួយសម្រាប់មួយ (One-2-One)។
គួរបញ្ជាក់ផងដែរសមាសភាពចូលរួមមានដូចជាតំណាងនាយកដ្ឋានពាក់ព័ន្ធ តំណាងមន្ទីរពេទ្យថ្នាក់ជាតិចំនួន៣ តំណាងមហាវិទ្យាល័យទន្តវទនសាស្រ្តចំនួន៤ គណៈទន្តពេទ្យកម្ពុជា គណៈគិលានុបដ្ឋាក សមាគមទន្តពេទ្យកម្ពុជា តំណាងអង្គការដៃគូអភិវឌ្ឍចំនួន៤ និងមន្រ្តីការិយាល័យសុខភាពមាត់-ធ្មេញ សរុបមានចំនួន២៣រូប៕