កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី “ការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣”
ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចាប់ពីថ្ងៃពុធ ១៤កើត ដល់ថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល អមដោយមន្ត្រីជំនាញ នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសម្អាង និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី “ការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣” នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
កិច្ចប្រជុំពិគ្រោះយោបល់ ត្រូវបានរៀបចំឡើងដោយក្រុមការងារត្រួតពិនិត្យឡើងវិញគោលនយោបាយ របស់អង្គការពាណិជ្ជកម្មពិភពលោក សហការជាមួយក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ដែលមានការឣញ្ជើញចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្នុងគោលបំណងពិគ្រោះយោបល់ជាមួយតំណាងបណ្តាក្រសួងពាក់ព័ន្ធ នៃព្រះរាជាណាចក្រកម្ពុជា អំពីទិន្នន័យស្ថិតិ និងឯកសារចាំបាច់ ក្នុងការប្រមូលចងក្រងត្រៀមសរសេររបាយការណ៍ សម្រាប់កិច្ចប្រជុំ 3rd Trade Review Policy ដែលនឹងប្រព្រឹត្តទៅនាខែមីនា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានដឹកនាំមន្ត្រីជំនាញនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសម្អាង ជួបប្រជុំពិភាក្សាជាមួយក្រុមជំនាញការរបស់ឣង្គការពាណិជ្ជកម្មពិភពលោក និងធ្វើបទបង្ហាញចែករំលែកឣំពីបទដ្ឋានគតិយុត្តិ ស្តីពីលក្ខខណ្ឌតម្រូវលើស្លាកសញ្ញាពាក់ព័ន្ធនឹងផលិតផលសុខាភិបាល" ក្នុងប្រទេសកម្ពុជា។
សូមជម្រាបជូនផងដែរថា គោលបំណងនៃ Trade Policy Review (TRP) គឺសំដៅជំរុញសមាជិកគោរពតាមវិធាន គោលការណ៍ និងការសន្យារបស់ខ្លួនក្រោមក្របខ័ណ្ឌ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីនេះ និងវាយតម្លៃលើតម្រូវការនៃការអភិវឌ្ឍ សេដ្ឋកិច្ច គោលនយោបាយ និងពិនិត្យលើផលប៉ះពាល់នៃគោលនយោបាយពាណិជ្ជកម្ម និងការអនុវត្តទៅលើប្រព័ន្ធពាណិជ្ជកម្មពហុភាគី។