វេទិកាសុខភាពសាធារណ: គួយចូវ-អាស៊ាន Guizhou-ASEAN Public Health Forum
ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៤
សាធារណរដ្ឋប្រជាមានិតចិន៖ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារសុខាភិបាលចូលរួម "វេទិកាសុខភាពសាធារណ: គួយចូវ-អាស៊ាន " (Guizhou-ASEAN Public Health Forum )ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងគួយយ៉ាង(Guiyang) ខេត្តគួយចូវ (Guizhou) នៃសាធារណរដ្ឋប្រជាមានិតចិន។
វេទិកាបានផ្តោតសំខាន់លើ (១)ការផ្លាស់ប្តូរបទពិសោធន៍ នៃការចាត់ចែងការងារ ការពិនិត្យតាមដាន និងរបកគំហើញនៃការសិក្សាស្រាវជ្រាវ ពាក់ព័ន្ធនឹងបញ្ហាជំងឺមិនឆ្លង បញ្ហាសុខភាពផ្លូវចិត្ត បញ្ហាបរិស្ថាន ព្រមទាំង បញ្ហាទាក់ទងនឹងរបៀបរបបនៃការរស់នៅ ជាដើម (២) បង្ហាញពីសារសំខាន់នៃបញ្ញាសិប្បនិមិត្ត(AI)លើការងារថែទាំសុខភាព ពិសេសជំងឺមិនឆ្លង រាប់ទាំងការស្រាវជ្រាវរកជំងឺសសៃបាតភ្នែក(retinopathy)បង្កដោយជំងឺទឹកនោមផ្អែម (៣) ពិនិត្យលទ្ធភាពនៃកិច្ចសហការការងារពាក់ព័ន្ធ នឹងបញ្ហាសុខភាពសំខាន់ដែលមានការទាក់ទងនឹងគ្នា រាប់ទាំងជំងឺទឹកនោមផ្អែម និងការងារសិក្សាស្រាវជ្រាវ ផ្សេងៗទាក់ទិននឹងបញ្ញាសិប្បនិមិត្ត។
វេទិកាសុខភាពសាធារណ:នេះ ត្រូវបានរៀបចំដោយ មន្ទីរសុខាភិបាលខេត្ត និងការិយាល័យប្រយុទ្ធនឹងជំងឺឆ្លងនៃខេត្តគួយចូវ រួមនឹង សមាគមវេជ្ជសាស្ត្របង្ការជំងឺ នៃខេត្តគួយចូវ សហការជាមួយនឹងភាគីពាក់ព័ន្ធ។
សូមបញ្ជាក់ជូនថា ប្រតិភូពីកម្ពុជារួមមាន ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកវេជ្ជ ទូច ឃុន អនុប្រធានមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុម: រួមជាមួយនឹងវត្តមាន ឯកឧត្តមអនុរដ្ឋលេខាធិការនៃក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង មន្ត្រី ព្រមទាំងតំណាងពីសកលវិទ្យល៏យ CamTech កម្ពុជា សរុបចំនួន ៧ រូប។
សូមបញ្ជាក់ផងដែរថា សមាសភាពសិក្ខាកាមទាំងអស់អញ្ជើញចូលរួមក្នុងវេទិកា រួមមានមកពីប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសឡាវ និងខេត្តគួយចូវ ព្រមទាំង សិក្ខាកាម ជាអ្នកជំនាញផ្នែកសុខាភិបាលនិងផ្នែកពាក់ព័ន្ធនឹងសុខភាពសាធារណ: និងបច្ចេកវិទ្យា-បញ្ញាសិប្បនិមិត្ត និងតំណាងមកពីសកលវិទ្យាល័យនានា ព្រមទាំង ភាគីពាក់ព័ន្ធ រួមទាំងផ្នែកឯកជន សរុបមានចំនួនប្រមាណ ៥០រូប។