Cambodia
ព័ត៌មានលំអិត

Image
ពិធីបើកសន្និសីទជាតិ ស្តីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ឆ្នាំ២០២៤ ក្រោមប្រធានបទ ពង្រឹងការអប់រំវិជ្ជាជីវៈសុខាភិបាល ដើម្បីសេវាថែទាំសុខភាពកាន់តែប្រសើរ
ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសន្និសីទជាតិ ស្តីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ឆ្នាំ២០២៤ ក្រោមប្រធានបទ "ពង្រឹងការអប់រំវិជ្ជាជីវៈសុខាភិបាល ដើម្បីសេវាថែទាំសុខភាពកាន់តែប្រសើរ" នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។

សន្និសីទជាតិ ស្តីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ឆ្នាំ២០២៤នេះក៏បានរៀបចំឱ្យមានបុរេសន្និសីទស្តីពី “ វិធីសាស្ត្រសិក្សាជាក្រុម “ ដែលបានរៀបចំឡើងមួយថ្ងៃមុនសន្និសីទនេះផងដែរ។ គោលបំណងបង្កើតឱ្យមានបុរេសន្និសីទនេះ គឺដើម្បីផ្តល់ឱកាសជូនសាស្ត្រាចារ្យ គ្រូបង្រៀនក្នុងវិស័យសុខាភិបាលអាចសិក្សាពីវិធីសាស្ត្រសិក្សាជាក្រុម ដើម្បីជាអាចយកមកអនុវត្តនៅតាមគ្រឹះស្ថានបណ្តុះបណ្តាល។ 

សន្និសីទនេះរយៈពេល២ថ្ងៃនេះ រៀបចំឡើងដើម្បីផ្តល់ជូនអ្នកចូលរួមបានផ្លាស់ប្តូរចំណេះដឹងបទពិសោធន៍ ដែលមានជាអាទិ៍៖
១. ការអប់រំអន្តរវិជ្ជាជីវៈក្នុងការអប់រំវិជ្ជាជីវៈសុខាភិបាល
២. ទំនើបកម្មនៃប្រព័ន្ធឌីជីថលក្នុងការរៀន និងបង្រៀនក្នុងការអប់រំវិជ្ជាជីវៈសុខាភិបាល 
៣. ការបង្កើតឧបករណ៍វាយតម្លៃដើម្បីបំពេញតាមការអប់រំផ្អែកលើសមត្ថភាព
៤. សីលធម៌ និងវិជ្ជាជីវៈសុខាភិបាលក្នុងការអប់រំវិជ្ជាជីវៈសុខាភិបាល។

គួរបញ្ជាក់ផងដែរថាសន្និសីទនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការពិនិត្យវាយតម្លៃលើលទ្ធផលការងាររបស់មន្ត្រីបង្គោលនៃគម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល  ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួងសុខាភិបាល គណៈវិជ្ជាជីវៈទាំង៥ មន្ទីរសុខាភិបាលរាជធានី ខេត្ត សមាគមវិជ្ជាជីវៈសុខាភិបាល ដៃគូអភិវឌ្ឍ សាស្រ្តាចារ្យ គ្រូបង្រៀនមកពីគ្រប់គ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលទាំងសាធារណៈ និងឯកជន សរុបចំនួន ៣០០រូប។

សន្និសីទនេះមានវាគ្មិនជាតិ ចំនួន០៦រូប និងអន្តរជាតិចំនួន០៧រូប ក្នុងនោះវាគ្មិនជាតិអញ្ជើញមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ និងសាកលវិទ្យាល័យអន្តរជាតិ។ វាគ្មិនអន្តរជាតិអញ្ជើញមកពីសហរដ្ឋអាមេរិក បែលហ្សិក ជប៉ុន សឹង្ហបុរី ឥណ្ឌូនេស៊ី និងវៀតណាម។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

ប្រភេទព្រឹត្តិការណ៍