ការចុះត្រួតពិនិត្យនិងប្រគល់-ទទួល ការផ្គត់ផ្គង់ឱសថប្រឆាំងមេរោគអេដស៍ និងឱសថពន្យារកំណើតទំនើប ជូនមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ សើស្បែក និងកាមរោគ និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក
ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅឃ្លាំងឱសថកណ្តាល នៃក្រសួងសុខាភិបាល បានបើកកិច្ចប្រជុំមួយក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យនិងប្រគល់-ទទួល ការផ្គត់ផ្គង់ឱសថប្រឆាំងមេរោគអេដស៍ និងឱសថពន្យារកំណើតទំនើប ដោយមានការចូលរួមពី លោក លោកស្រី ក្រោមឱវាទក្រសួងសុខាភិបាល តំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ សើស្បែក និងកាមរោគ និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដែលទទួលការផ្គត់ផ្គង់ដោយអង្គការ UNOPS និង UNFPA ក្រោមការចំណាយថវិកាជាតិ ។
ជាលទ្ធផលសមាជិកទាំងអស់បានធ្វើការពិនិត្យ ឱសថប្រឆាំងមេរោគអេដស៍ និងឱសថពន្យារកំណើតទំនើប ដោយផ្ទៀងផ្ទាត់នូវបរិមាណលក្ខណៈបច្ចេកទេស គុណភាពនិងប្រភព ត្រឹមត្រូវទៅតាមល័ក្ខខ័ណ្ឌកិច្ចសន្យា។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានផ្តែផ្តាំដល់មន្រ្តីដែលទទួលបន្ទុកការងារនេះ ឱ្យយកចិត្តទុកដាក់បន្ថែមទៅលើការតាមដាន ស្តុកឱសថ ព្រមទាំងគ្រប់គ្រងគុណភាពទៅលើការពិនិត្យ មុននឹងបែងចែកទៅដល់អ្នកប្រើប្រាស់។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិកទាំងអស់ ដែលបានចូលរួមយ៉ាងយកចិត្តទុកក្នុងការត្រួតពិនិត្យ និងប្រគល់-ទទួល ឱសថ សម្រាប់ផ្គត់ផ្គង់ជូនមូលដ្ឋានសុខាភិបាល ដើម្បីចូលរួមចំណែកដ៏សំខាន់ក្នុងការលើកស្ទួយ និងពង្រឹងគុណភាពក្នុងវិស័យសុខាភិបាលប្រទេសកម្ពុជា។