ការពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុក នៅខេត្តត្បូងឃ្មុំ
ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៤
ខេត្តត្បូងឃ្មុំ៖ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្រុមការងារជួយពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុក ដែលមាន ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ និងឯកឧត្ដមឱសថការី ឈី ហុង រដ្ឋលេខាធិការបានចុះពិនិត្យស្វែងយល់បន្ថែមលើការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកអូរាំងឪ មន្ទីរពេទ្យបង្អែកមេមត់ មន្ទីរពេទ្យបង្អែកតំបែរ មន្ទីរពេទ្យបង្អែកក្រូចឆ្មារ មន្ទីរពេទ្យបង្អែកត្បូងឃ្មុំ មន្ទីរពេទ្យបង្អែកពញាក្រែក។
ក្នុងដំណើរចុះពិនិត្យការងារពង្រឹងសេវា ជុំទី៣នេះ ក្រុមការងារបានជួបជាមួយថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក នៃមន្ទីរពេទ្យបង្អែកទាំងអស់ក្នុងទីតាំង នីមួយៗ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនែរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីផ្តល់ព័ត៌មានត្រឡប់ និងពិភាក្សាលើវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ ក៏ដូចជាការប្តេជ្ញាចិត្តក្នុងការបន្តលើកកម្ពស់ គុណភាពសេវាមន្ទីរពេទ្យបង្អែក អោយកាន់តែប្រសើរ ដើម្បីបំរើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
ក្រុមការងារក៏បាននាំយកនូវសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ។ គោលបំណងនៃការចុះពិនិត្យនេះគឺ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ពីវឌ្ឍនភាព របស់អង្គភាពធៀបទៅនឹងជុំទី១ ព្រមទាំងបញ្ហាប្រឈមថ្មីៗដែលកើតមាន។
សូមបញ្ជាក់ផងដែរថា នេះគឺជាជុំទី៣ ដែលក្រុមការងារបានចុះពិនិត្យជួយពង្រឹងសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកស្រុកទាំង៦ខាងលើ ដែលជុំទី១ និងជុំទី២ យើងបានចុះពិនិត្យកាលពីឆមាសទី៤ ឆ្នាំ២០២៣ និងឆមាសទី២ ឆ្នាំ២០២៤ រួចមកហើយ។