កិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៧ អាណត្តិទី១ របស់មន្ទីរពេទ្យហ្លួងម៉ែ
ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យហ្លួងម៉ែ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៧ អាណត្តិទី១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិកក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យហ្លួង ម៉ែ។
នៅក្នុងកិច្ចប្រជុំនោះមានរបៀបវារៈសំខាន់ៗចំនួន៥ ត្រូវបានដាក់មកពិនិត្យ និងធ្វើការអនុម័តដើម្បីមន្ទីរពេទ្យបន្តសកម្មភាពការងាររបស់ខ្លួនក្នុងការផ្ដល់សេវាថែទាំ និងព្យាបាលជូនប្រជាពលរដ្ឋ ដោយរបៀបវារៈទាំង៥រួមមាន
១) គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យហ្លួងម៉ែដំណាក់កាលទី២
២) សេចក្តីព្រាងប្រកាសអន្តរក្រសួងស្ដីពីការរៀបចំ និងប្រព្រឹត្តទៅរបស់មន្ទីរពេទ្យហ្លួងម៉ែ
៣) របាយការណ៍ហិរញ្ញវត្ថុត្រីមាសទី៣ ឆ្នាំ២០២៤
៤) កំណត់ទុនគ្រាដំបូងរបស់មន្ទីរពេទ្យហ្លួងម៉ែ
៥) ផ្សេងៗ.
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនារសៀលនោះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បានគូសរំលេចនិងធ្វើការផ្ដាំផ្ញើទៅដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យឱ្យខិតខំយកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាជូនប្រជាពលរដ្ឋដោយសារមន្ទីរពេទ្យហ្លួងម៉ែនាពេលបច្ចុប្បន្ននេះទើបនឹងចាប់ផ្ដើមដាក់ឱ្យដំណើរការទទួលព្យាបាលជំងឺក្នុងដំណាក់កាលទី១ ដែលតម្រូវឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យត្រូវចុះជាប់ជាមួយនិងការផ្ដល់សេវារបស់មន្ត្រីសុខាភិបាល នៅគ្រប់ផ្នែកគ្រប់ជំនាញនិងធ្វើការណែនាំក្នុងការផ្ដល់សេវាមួយប្រកបដោយការទទួលខុសត្រូវ មានភាពរួសរាយរាក់ទាក់ និងសេចក្ដីថ្លៃថ្នូរនៅគ្រប់ពេលផ្ដល់សេវាជូនបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាសុខភាពនៅមន្ទីរពេទ្យហ្លួងម៉ែ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល ក៏បានជំរុញនូវការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំដើម្បីត្រៀមបើកដំណើរការនៅដំណាក់កាលទី២ ក្នុងដើមឆ្នាំ២០២៥ខាងមុខនេះ ដូច្នេះដើម្បីអនុវត្តបានតាមផែនការ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បានស្នើដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យពិនិត្យ និងជំរុញដល់ក្រុមការងារពាក់ព័ន្ធទាំងអស់អនុវត្តឱ្យបានត្រឹមត្រូវទៅតាមផែនការដែលបានកំណត់។