ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី «សូមបង្កើនការផ្សព្វផ្សាយទៅលើបណ្តុំមនុស្ស សាលារៀន សហគមន៍អំពីការបង្ការ និងប្រុងប្រយ័ត្នការពារជំងឺទឹកនោមផ្អែម»
ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ២កើត ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី៣ របស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត»។
សន្និសីទនាពេលនេះ បានបង្កើតជាវេទិកាដ៏មានសារៈសំខាន់មួយ ដែលបានចូលរួមពិគ្រោះ ពិភាក្សា ផ្លាស់ប្តូរមតិយោបល់ និងចែករំលែកឱ្យគ្នាទៅវិញទៅមកនូវចំណេះដឹង សំដៅស្វែងយល់ឱ្យកាន់តែច្បាស់ និងស៊ីជម្រៅពីសកម្មភាពអនុវត្តវេជ្ជសាស្ត្រថ្មីៗ និងបច្ចេកវិទ្យាឌីជីថលក្នុងវិស័យសុខាភិបាល ដែលមន្ត្រីសុខាភិបាលគ្រប់រូប ត្រូវមានមូលដ្ឋានចំណេះដឹងសម្រាប់ធ្វើបច្ចុប្បន្នភាពក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន និងអាចចាប់យកឱកាស និងបទពិសោធន៍ល្អៗ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព មានទំនួលខុសត្រូវ និងប្រកបដោយមនសិការវិជ្ជាជីវៈ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំសមាជិក សមាជិកា សមាគមន៍បច្ចេកវិទ្យាជំងឺទឹកនោមផ្អែម នៅក្នុងរាជធានីភ្នំពេញ និងនៅកម្ពុជា សូមបន្តកិច្ចសហការ និងគាំទ្របន្ថែមទៀត ក្នុងការអភិវឌ្ឍអប់រំ ការបណ្តុះបណ្តាលនៅក្នុងវិស័យសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យ គាំទ្រគ្រប់សមាគមន៍ទាំងឡាយ ដែលមានអ្នកជំនាញ ពាក់ព័ន្ធក្នុងវិស័យរបស់ខ្លួន ដោយត្រូវអញ្ជើញចូលរួម ដើម្បីជាការផ្តល់តម្លៃដល់ស្ថាប័ន និងការឈានដល់ការចែករំលែកនូវបទពិសោធន៍ដល់អង្គពិធីផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដល់អង្គពិធីដើម្បីធ្វើយ៉ាងណាកាត់បន្ថយអត្រាអ្នកជំងឺទឹកនោមផ្អែម ដូចខាងក្រោម៖
១) សូមឱ្យយកចិត្តទុកដាក់ទាំងវិទ្យាសាស្រ្ត វេជ្ជសាស្ត្រ ក៏ដូចជានាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងសុខាភិបាល សម្រាប់ការបង្ការ និងផ្សព្វផ្សាយការយល់ដឹងសុខភាព ជាលក្ខណៈសាធារណៈ (Prevention and Public Awareness) នៅទីប្រជុំជន សាលារៀន ក្នុងសហគមន៍ ក្នុងការប្រុងប្រយ័ត្នការពារជំងឺទឹកនោមផ្អែមនេះ។
២) ការពង្រឹងកិច្ចការឆាប់រកអោយឃើញនូវជំងឺ (Strengthening early detection) ដោយធ្វើការពិនិត្យ និងតាមដានជាប្រចាំនៅតាមមូលដ្ឋានសុខាភិបាលទាំងឯកជន និងសាធារណៈ។
៣) ការធ្វើឱ្យប្រសើរឡើងនូវភាពងាយស្រួលទៅរកការថែទាំ និងព្យាបាល (Improving access to care and treatment) ដោយតាមរយៈវិធានគន្លឹះដូចជា ការលើកកម្ពស់ ការបណ្តុះបណ្តាល អ្នកផ្តល់សេវា (Training health care providers) ការផ្តល់ឱសថយាបាល (Medication access) និងរៀបចំមជ្ឈមណ្ឌលឯកទេសថែទាំ (specialized care centers)។
៤) ការរួមបញ្ចូលបច្ចេកវិទ្យា (Integration of technology and health data) ដូចជាការតាមដានតាមប្រព័ន្ធឌីជីថល (Digital Tracking Platforms) បញ្ជីតាមដានថ្នាក់ជាតិផ្នែកទឹកនោមផ្អែម (National Diabetes Registry) ការតាមដានដល់អ្នកជំងឺ ពីចំងាយដើម្បីផ្តល់យោបល់ (Telemedicine) បាននៅទូទាំងប្រទេស (ទាំងឯកជន និងសាធារណៈ)។
៥) សូមឱ្យមានការចូលរួមពីដៃគូអភិវឌ្ឍន៍ និងគោលនយោបាយផ្នែកសុខភាពសាធារណៈ (Partnership and public health policy) រួមមាន -អង្គការ ដៃគូអន្តរជាតិ, -ផ្នែកពន្ធ គោលនយោបាយច្បាប់ និង, - ផ្នែកដៃគូអន្តរវិស័យពាក់ព័ន្ធ។
៦) គាំទ្រគ្រប់កិច្ចការទាំងឡាយ៖ -ការគាំទ្រតាមសហគមន៍, -អាហារូបត្ថម្ភ, -គាំទ្រផ្នែកផ្លូវកាយ និងផ្លូវចិត្តផងដែរ។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ សមាជិកសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា សូមបន្តរួមចំណែក ផ្តល់កិច្ចសហការ និងគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍ ការកែទម្រង់ និងការបណ្តុះបណ្តាល ក្នុងវិស័យសុខាភិបាល។ ទន្ទឹមនឹងនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់ថ្នាក់ដឹកនាំជំនាញ ត្រូវដកស្រង់បទពិសោធន៍ជាមួយប្រទេសដែលមានការរៀបចំបានល្អ នូវស្តង់ដានៃរបបអាហារសម្រាប់រៀបចំជាសារអប់រំសុខភាព ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីស្តង់ដារបបអាហារប្រចាំថ្ងៃដែលគួរបរិភោគ ដើម្បីកាត់បន្ថយការកើតឡើងនូវជំងឺមិនឆ្លង។
ក្នុងពិធីនេះដែររៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ រយៈពេល ១ថ្ងៃពេញ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្រ្តាចារ្យ ថ្នាក់ដឹកនាំ ជាក្រុមគ្រូពេទ្យជំនាញ និងវាគ្មិនជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីក្រៅប្រទេស សឹង្ហបុរី ឥណ្ឌា និងស្រីលង្កា។