កិច្ចប្រជុំលើកទី១១ របស់ក្រុមការងារ ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាព "សេចក្តីណែនាំ ស្តីពីសំណុំសកម្មភាពបង្គ្រប់ សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក (CPA Guidelines)"
ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងការណែនាំពីឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការ នាព្រឹកថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីរៀបចំសេចក្តីណែនាំសម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក បានសហការជាមួយ ឯកឧត្តម លោកជំទាវអនុប្រធាន ដឹកនាំកិច្ចប្រជុំលើកទី១១ របស់ក្រុមការងារ ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាព "សេចក្តីណែនាំ ស្តីពីសំណុំសកម្មភាពបង្គ្រប់ សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក (CPA Guidelines)" ។
អង្គប្រជុំបានដំណើរការពេញមួយព្រឹកដោយរលូន និងជោគជ័យ ដែលក្នុងនោះបានផ្តោតសំខាន់ និងពិភាក្សាយ៉ាងលម្អិតលើការធ្វើបច្ចុប្បន្នភាព នៃកញ្ចប់សេវាគ្លីនិកផ្នែកជំងឺមិនឆ្លង និងផ្នែកជំងឺផ្លូវចិត្ត និងការបំពានគ្រឿងញៀន ជំពូកស្តីពីការងារហិរញ្ញប្បទានសុខាភិបាលក្នុងមន្ទីរពេទ្យបង្អែក ជំពូកស្តីពីការងារគ្រប់គ្រងមន្ទីរពេទ្យ ពិសេសទាក់ទងនឹងគណៈកម្មាធិការ និងក្រុមការងារផ្សេងៗក្នុងមន្ទីរពេទ្យបង្អែក ទាំងបីកម្រិត ព្រមទាំងការងារពាក់ព័ន្ធបន្ថែមមួយចំនួនទៀត។ គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះ ក្រុមការងារបានដំណើរការការងាររបស់ខ្លួនអស់រយៈពេលប្រមាណជិត ១១ខែ និងបានបំពេញការងារបានប្រមាណ ៧២% ធៀបនឹងទំហំការងារសរុប ហើយដែលគ្រោងនឹងបញ្ចប់តាមផែនការគ្រោងទុកអោយបានមុនដំណាច់ឆ្នាំ២០២៤ ខាងមុខនេះ។
អង្គប្រជុំនេះ ត្រូវបានរៀបចំតាមបែបកិច្ចប្រជុំផ្ទាល់និងអនឡាញ តាមប្រព័ន្ធZoom ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា លោក លោកស្រី តំណាងអគ្គនាយកដ្ឋាន នាយកដ្ឋាន អង្គភាពថ្នាក់កណ្តាល តំណាងមន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្តស្រុក តំណាងដៃគូអភិវឌ្ឍន៍ សមាជិកសមាជិការក្រុមការងារ និងអ្នកពាក់ព័ន្ធនឹងក្រុមការងារ CPA ចូលរួមទាំងអស់មានចំនួន៣៦រូប។