ការចុះពិនិត្យស្ថានភាព នៃមណ្ឌលសុខភាពចំនួនដប់ នៃស្រុកប្រតិបត្តិស្ទោង និងស្រុកប្រតិបត្តិកំពង់ធំ នៃខេត្តកំពង់ធំ
ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៤
ខេត្តកំពង់ធំ៖ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពី ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាលទទួលបន្ទុក មានការណែនាំពីលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងមានការចូលរួមពីឯកឧត្តម នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះទៅពិនិត្យស្ថានភាព នៃមណ្ឌលសុខភាពចំនួន១០ នៃស្រុកប្រតិបត្តិស្ទោង និងស្រុកប្រតិបត្តិកំពង់ធំ នៃខេត្តកំពង់ធំ។
ការចុះបេសកកម្មនេះ មានគោលបំណងសំខាន់ ដើម្បីជួយជំរុញការធ្វើអោយប្រសើរឡើងការផ្តល់សេវាសុខាភិបាល គ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាពសំណុំសកម្មភាពអប្បបរមា សម្រាប់អភិវឌ្ឍន៍មណ្ឌលសុខភាព។
ឆ្លៀតឱកាសដ៏មានតំលៃនេះ ឯកឧត្តមសាស្ត្រាចារ្យ ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុកពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
បន្ថែមពីនេះទៀត ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានសំណូមពរដល់ក្រុមប្រឹក្សាឃុំ ជួយជំរុញពីការពង្រីកវិសាលភាព របបសន្តិសុខសង្គមផ្នែកហានិភ័យការងារជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា សម្រួលក្នុងការមកទទួលសេវាថែទាំសុខភាព និងសូមគាំទ្រដល់វិស័យសុខាភិបាល ក្នុងការអនុវត្តសកម្មភាពឱ្យបានស្របតាមគោលនយោបាយជាអាទិភាព និងយុទ្ធសាស្រ្ត បញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ការចុះត្រួតពិនិត្យនេះមានការចូលរួម លោកបណ្ឌិត ប៉ឹក គឹមសាន អនុប្រធានមន្ទីរសុខាភិបាល ដែលមានការសម្របសម្រួល លោក លី ឡុងហ៊ាង អនុប្រធានការិយាល័យស្រុកប្រតិបត្តិស្ទោង លោកវេជ្ជបណ្ឌិត ហុង ឈាន ប្រធានការិយាល័យកំពង់ធំមេឃុំ ក្រុមប្រឹក្សា ឃុំ និងមន្ត្រីអមដំណើរមួយចំនួន។
សូមបញ្ជាក់ថាក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមនៅកម្រិតមណ្ឌលសុខភាព នៃក្រសួងសុខាភិបាល បានចុះពង្រឹងការបម្រើសេវាសុខភាពនៅមណ្ឌលសុខភាពទូទាំង២៥ខេត្តក្រុង ក្នុងនោះខេត្តកំពង់ធំមានមណ្ឌលសុខភាព៥៦ និងប៉ុស្តិ៍សុខភាពចំនួន៥។ ក្រុមការងារបានចុះមណ្ឌលសុខភាព បានចំនួន៤៩ស្មើនឹង៨៧% ត្រៀមបញ្ជប់ជុំទី១ក្នុងខែកញ្ញាឆ្នាំ២០២៤ និងបន្តជាប់ជាប្រចាំដើម្បីពង្រឹងរៀបចំឱ្យបានកាន់តែប្រសើរ ហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារក្នុងមណ្ឌលសុខភាពធានាបានការបម្រើសេវាជូនប្រជាពលរដ្ឋគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។