ខេត្តសៀមរាប៖ នៅថ្ងៃពុធ ៨កេីត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្ដម វេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការបានចូលរួមជាគណៈអធិបតី
ក្នុងពិធីសន្និសីទអន្តរជាតិលើកទី២ ស្ដីពីជណ្ដើរត្រីនៅតាមដងទន្លេមេគង្គក្រោម ក្រោមអធិបតីភាព ឯកឧត្ដម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម ណៅ ធួក សមាជិករដ្ឋសភា ឯកឧត្ដម ដឺរីក យីប ឯកអង្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា និងលោកស្រីសាស្ត្រាចារ្យ Wendy Umberger នាយកប្រតិបត្តិមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវអន្តរជាតិ (ACIAR)។
សន្និសីទនេះមានគោលបំណងផ្សព្វផ្សាយពីសមិទ្ធផលនៃការសាងសង់ជណ្តើរត្រី ការសិក្សាស្រាវជ្រាវជណ្ដើរត្រីនៅតំបន់អាស៊ីអាគ្នេយ៍ ពង្រឹងលើបច្ចេកវិទ្យានិងវិធីសាស្ត្រសាងសង់ជណ្ដើរត្រី
សំដៅរក្សាបានទាំងត្រីនិងទឹកជាប្រយោជន៍ដល់សហគមន៍ និងការគ្រប់គ្រងធនធានជលផលឱ្យមាននិរន្តរភាព។
សូមជម្រាបថាសន្និសីទនេះ រៀបចំឡេីងដោយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយមជ្ឍមណ្ឌលអូស្ត្រាលីសម្រាប់ស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) ក្នុងភាពជាដៃគូជាមួយ Charles Sturt University ហេីយមានការចូលរួមពីអ្នកជំនាញជលផលមកពី សហរដ្ឋអាមេរិក ញ៉ូវហ្សេលែន អូស្ត្រាលី ថៃ ឡាវ វៀតណាម ឥណ្ឌូនេស៊ី ភូមា ធនាគារពិភពលោក អង្ការស្បៀងអាហារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី។