ខេត្តសៀមរាប៖ ចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពី ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យស្ថានភាពនៃមណ្ឌលសុខភាពចំនួន១០នៅខេត្តសៀមរាប។
ការចុះពិនិត្យធ្វើឡើងដើម្បីជួយគាំទ្រជំរុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការផ្ដល់សេវាថែទាំនិងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌ដោយមានការចូលរួមពីមន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តនិងស្រុកប្រតិបត្តិ ខេត្តសៀមរាប ដោយពិនិត្យការងារនិងសង្កត់ធ្ងន់លើ៧ចំនុច៖
១. ហេដ្ឋារចនាសម្ព័ន្ធបរិស្ថានក្នុងនិងជុំវិញមណ្ឌលសុខភាព
២. ការគ្រប់គ្រងធនធានមនុស្ស
៣. ការគ្រប់គ្រងឱសថ វ៉ាក់សាំង និងការថែទាំសម្ភារៈបរិក្ខារពេទ្យ
៤. ការបំពេញការងារប្រចាំការនិងបម្រើសេវា ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្ដាហ៍
៥. ការលើកកម្ពស់គុណភាពសុវត្ថិភាពអ្នកជំងឺ សេវាបញ្ជូនអ្នកជំងឺ និងប្រព័ន្ធទំនាក់ទំនង
៦. ការធ្វើបដិសណ្ឋារកិច្ចក្នុងការផ្ដល់សេវាថែទាំដល់អ្នកជំងឺ
៧. ជំរុញមណ្ឌលសុខភាពពីមធ្យមទៅល្អបង្គួរ និងឈានទៅដល់ល្អប្រសើរ។
ជាចុងក្រោយលោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានខិតខំបម្រើសេវាថែទាំនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
គួរបញ្ជាក់ផងដែរថាមណ្ឌលសុខភាពដែលបានចុះពិនិត្យមានដូចជា :
១.មណ្ឌលសុខភាពទឹកវិល ២.មណ្ឌលសុខភាពក្របីរៀល ៣.មណ្ឌលសុខភាពស្រង៉ែ ៤.មណ្ឌលសុខភាពសំបួរ ៥.មណ្ឌលសុខភាពចុងឃ្លៀស ៦.មណ្ឌលសុខភាពជ្រាវ ៧.មណ្ឌលសុខភាពកណ្តែក ៨.មណ្ឌលសុខភាពបាគង្គ ៩.មណ្ឌលសុខភាពប្រសាទបាគង្គ ១០.មណ្ឌលសុខភាពពោធិ៍មានជ័យ។