ខេត្តត្បូងឃ្មុំ៖ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលទទួលបន្ទុកការងារបច្ចេកទេសសេវាសុខភាពបឋមនៅមូលដ្ឋានកម្រិតមណ្ឌលសុខភាពក្នុងខេត្តចំនួន ១៣ និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងការអនុវត្តក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា រួមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត ជូ ម៉េងចាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានបំពេញបេសកកម្មនៅខេត្តត្បូងឃ្មុំ ដើម្បី៖
1. ចុះពិនិត្យ និងពង្រឹងការងារផ្តល់សេវានៅតាមមណ្ឌលសុខភាព អនុលោមតាមសំណុំសកម្មភាពអប្បរិមា សំដៅធ្វើឱ្យបានកាន់តែល្អប្រសើរឡើងនូវការផ្ដល់សេវាជូនប្រជាពលរដ្ឋ
2. ពង្រឹង ដំណើរការនៃគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) និងលើកកម្ពស់ការយល់ដឹងរបស់ផ្នែកពាក់ព័ន្ធដើម្បីជំរុញបង្កើនការចូលរួមការអនុវត្តការថែទាំសុខភាពបឋម នៅថ្នាក់ក្រោមជាតិ
3. ផ្តល់ការណែនាំនៅក្នុងកិច្ចប្រជុំ ស្តីពី “ផែនការឆ្នាំ២០២៥ ដើម្បីជំរុញបង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវាមណ្ឌលសុខភាព” នៅក្នុងខេត្តត្បូង។
នៅក្នុងដំណើរបេសកកម្មនេះ លោកជំទាវរដ្ឋលេខាធិការ និងក្រុមការងារបានចុះពិនិត្យ និងណែនាំជំរុញការកែលម្អមណ្ឌលសុខភាពចំនួន ១៤ កន្លែងនៅក្នុងខេត្តត្បូងឃ្មុំ ក្នុងនោះមាន៖
-មណ្ឌលសុខភាពចំការក៊ៅសូជប់ ជប់ ទួលស្នួល ចំការកៅស៊ូតាប៉ាវ រកាពប្រាំ១ និងមណ្ឌលសុខភាពស្រឡប់នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិត្បូងឃ្មុំ
-មណ្ឌលសុខភាពស្លា និងមណ្ឌលសុខភាពថ្មទទឹងនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមេមត់
-មណ្ឌលសុខភាពក្រែក ១ និងមណ្ឌលសុខភាពកណ្ដាលជ្រំនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពញាក្រែក
-មណ្ឌលសុខភាពចុងជាច និងមណ្ឌលសុខភាពទឹកជ្រៅនៃការិយាល័យសុខាភាលស្រុកប្រតិបត្តិតំបែរ
-មណ្ឌលសុខភាពសួង និងវិហារលួងនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសួង។
សូមជម្រាបថា លោកជំទាវរដ្ឋលេខាធិការ និងក្រុមការងារ ក៏បានជួបប្រជុំជាមួយគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពភូមិបានចំនួន ៤ កន្លែង ដែលក្នុងនោះ មានការជួបប្រជុំនៅមណ្ឌលសុខភាពជប់ ស្លា ចុងជាច និង មណ្ឌលសុខភាពទួលស្នួល។