Cambodia
New Details

Image
កិច្ចប្រជុំក្រុមការងារលើកកម្ពស់គុណភាព
March 23, 2025

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥  ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារលើកកម្ពស់គុណភាព បានដឹកនាំកិច្ចប្រជុំក្រុមការងារលើកកម្ពស់គុណភាព (QIWG) ស្តីពីយន្ដការជាតិសម្រាប់តាមដានបង្កើនគុណភាពសេវាសុខាភិបាលដំណាក់កាលទី២  ជាមួយដៃគូអភិវឌ្ឍនៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២ (H-EQIP 2) នៅទីស្តីការក្រសួងសុខាភិបាល ដែលមានអ្នកចូលរួមផ្ទាល់ចំនួន ៣២រូប។

កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាទៅលើលទ្ធផលនៃការវាយតម្លៃការអនុវត្ដការងារគម្រោងរបស់ផ្នែក PBC3  ដែលបានរកឃើញដោយទីប្រឹក្សារបស់ធនាគារពិភពលោក។ ជាលទ្ធផលនៃកិច្ចប្រជុំបានឯកភាព និងសម្រេចអនុវត្តនូវការងារដូចខាងក្រោម៖

1.  ការកែសម្រួលនូវចំនួនស្តង់ដាគុណភាពសេវាមណ្ឌលសុខភាព និងស្តង់ដាគុណភាពសេវាមន្ទីរពេទ្យបង្អែក។ 

2.  រក្សាទុកដដែលនូវទម្រង់ឯកសារបច្ចុប្បន្នដែលប្រើប្រាស់សម្រាប់ធ្វើតេស្តចំណេះដឹងរបស់អ្នកផ្តល់សេវានៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដោយប្រើប្រាស់ករណីសិក្សាគ្លីនិក (clinical vignette)។

3.  បន្ថែមនូវសូចនាករគ្លីនិកទាក់ទងនឹងជំងឺមិនឆ្លងមួយចំនួន (NCD) ដូចជាជំងឺទឹកផ្អែម ទៅក្នុងការវាយតម្លៃគុណភាពសេវារបស់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។

4.  ពង្រឹងបន្ថែមនូវផ្នែកការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ (IPC) ដែលពាក់ព័ន្ធនឹងស្ដង់ដាគុណភាពសេវាមណ្ឌលសុខភាព និងស្តង់ដាគុណភាពសេវាមន្ទីរពេទ្យបង្អែក។

5.  ធនាគារពិភពលោកនឹងពិចារណាលើការស្នើសុំជួយគាំទ្របច្ចេកទេស និងថវិកា លើការងារទទួលស្គាល់គុណភាព (Accreditation System) ដែលមានកំណត់នៅក្នុងផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា (UHC roadmap) ដែលកន្លងមកការងារនេះបានគាំទ្រដោយគម្រោង EQHA-2/FHI360 ដែលទើបត្រូវបានបញ្ចប់ជាមួយនឹងការបិទគម្រោង USAID។ ការិយាល័យធានាគុណភាពសុខាភិបាលនៃនាយកដ្ឋានមន្ទីរពេទ្យនឹងរៀបចំនូវផែនការសកម្មភាព និងថវិកា ជូនទៅធនាគារពិភពលោក ដើម្បីពិចារណាដាក់ចូលក្នុងគម្រោង H-EQIP 2។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តមសាស្រ្តាចារ្យ អ៊ុង សំអាន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារលើកកម្ពស់គុណភាព ឯកឧត្តមវេជ្ជបណ្ឌិត សុខ ស្រ៊ុន ប្រធាននាយកដ្ឋានមន្ទីរពេទ្យ  លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ របស់នាយកដ្ឋានមន្ទីរពេទ្យ ព្រមទាំងដៃគូអភិវឌ្ឍរបស់គម្រោង H-EQIP 2 ដែលដឹកនាំដោយធនាគារពិភពលោក (WB) រួមមាន KOICA, GFF, DFAT, KfW ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10