រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារលើកកម្ពស់គុណភាព បានដឹកនាំកិច្ចប្រជុំក្រុមការងារលើកកម្ពស់គុណភាព (QIWG) ស្តីពីយន្ដការជាតិសម្រាប់តាមដានបង្កើនគុណភាពសេវាសុខាភិបាលដំណាក់កាលទី២ ជាមួយដៃគូអភិវឌ្ឍនៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២ (H-EQIP 2) នៅទីស្តីការក្រសួងសុខាភិបាល ដែលមានអ្នកចូលរួមផ្ទាល់ចំនួន ៣២រូប។
កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាទៅលើលទ្ធផលនៃការវាយតម្លៃការអនុវត្ដការងារគម្រោងរបស់ផ្នែក PBC3 ដែលបានរកឃើញដោយទីប្រឹក្សារបស់ធនាគារពិភពលោក។ ជាលទ្ធផលនៃកិច្ចប្រជុំបានឯកភាព និងសម្រេចអនុវត្តនូវការងារដូចខាងក្រោម៖
1. ការកែសម្រួលនូវចំនួនស្តង់ដាគុណភាពសេវាមណ្ឌលសុខភាព និងស្តង់ដាគុណភាពសេវាមន្ទីរពេទ្យបង្អែក។
2. រក្សាទុកដដែលនូវទម្រង់ឯកសារបច្ចុប្បន្នដែលប្រើប្រាស់សម្រាប់ធ្វើតេស្តចំណេះដឹងរបស់អ្នកផ្តល់សេវានៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដោយប្រើប្រាស់ករណីសិក្សាគ្លីនិក (clinical vignette)។
3. បន្ថែមនូវសូចនាករគ្លីនិកទាក់ទងនឹងជំងឺមិនឆ្លងមួយចំនួន (NCD) ដូចជាជំងឺទឹកផ្អែម ទៅក្នុងការវាយតម្លៃគុណភាពសេវារបស់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។
4. ពង្រឹងបន្ថែមនូវផ្នែកការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ (IPC) ដែលពាក់ព័ន្ធនឹងស្ដង់ដាគុណភាពសេវាមណ្ឌលសុខភាព និងស្តង់ដាគុណភាពសេវាមន្ទីរពេទ្យបង្អែក។
5. ធនាគារពិភពលោកនឹងពិចារណាលើការស្នើសុំជួយគាំទ្របច្ចេកទេស និងថវិកា លើការងារទទួលស្គាល់គុណភាព (Accreditation System) ដែលមានកំណត់នៅក្នុងផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា (UHC roadmap) ដែលកន្លងមកការងារនេះបានគាំទ្រដោយគម្រោង EQHA-2/FHI360 ដែលទើបត្រូវបានបញ្ចប់ជាមួយនឹងការបិទគម្រោង USAID។ ការិយាល័យធានាគុណភាពសុខាភិបាលនៃនាយកដ្ឋានមន្ទីរពេទ្យនឹងរៀបចំនូវផែនការសកម្មភាព និងថវិកា ជូនទៅធនាគារពិភពលោក ដើម្បីពិចារណាដាក់ចូលក្នុងគម្រោង H-EQIP 2។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តមសាស្រ្តាចារ្យ អ៊ុង សំអាន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារលើកកម្ពស់គុណភាព ឯកឧត្តមវេជ្ជបណ្ឌិត សុខ ស្រ៊ុន ប្រធាននាយកដ្ឋានមន្ទីរពេទ្យ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ របស់នាយកដ្ឋានមន្ទីរពេទ្យ ព្រមទាំងដៃគូអភិវឌ្ឍរបស់គម្រោង H-EQIP 2 ដែលដឹកនាំដោយធនាគារពិភពលោក (WB) រួមមាន KOICA, GFF, DFAT, KfW ។