Cambodia
New Details

Image
កិច្ចប្រជុំគ្រូបង្គោលស្តីពីការតាមដាន និងឆ្លើយតបមរណភាពមាតា និងទារក
April 24, 2025

រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹង​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យកាល់ម៉ែត លោកជំទាវសាស្រ្តាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាលទទួលភារកិច្ចសុខភាពម្តាយ និងទារក បានដឹកនាំអង្គប្រជុំ​ ​ស្តីពីការ​ពិនិត្យ​មរណភាព​មាតា និងទារក​ជុំវិញកំណើត និងការឆ្លើយតប (MPDSR) ដែលមានការ​ចូលរួម​ពី​ឯកឧត្តម​សាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការទទួលបន្ទុកគុណភាពសេវាមន្ទីរពេទ្យ ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការទទួលបន្ទុកក្រមសីលធម៌វិជ្ជាជីវៈ (medical ethics) និងសមាជិកក្រុមការ​ងារ​ចំនួន ២០រូប ព្រមទាំងតំណាងអង្កការ UNFPA។ 

គោលបំណងនៃកិច្ច​ប្រជុំ គឺដើម្បីបន្តពិនិត្យ​មើល​អំពីករណីពាក់ព័ន្ធនឹងរាល់បញ្ហាសេវាសម្រាល សុខភាពម្តាយ និងទារក ដោយសំដៅរៀបចំ​សកម្មអន្តរាគមន៍ ជួយបំពេញ​ចំណុចខ្វះខាត​ដែលនៅកើតមាន​ឡើង។ តំណាងអង្គការអន្តរជាតិដៃគូអភិវឌ្ឍន៍ UNFPA បានចែករំលែកជាបទពិសោធន៍ ដោយបង្ហាញពីសំណើជំហានអន្តរាគមន៍បន្តបន្ទាប់ ជូនគណៈកម្មការ MPDSR ​ដែលជាស្នូលនៃការគិតពិចារណាររៀបចំផែនការសកម្មភាពដើម្បីសម្រេច​បានជាលទ្ធផល ​ រួមមាន ​(១) ពិនិត្យកែសម្រួលតួនាទី និងភារកិច្ចគណៈកម្មការ ទាំងកម្រឹតថ្នាក់កណ្តាល និងថ្នាក់​ក្រោម​ជាតិ (២) រៀបចំផែនការ​បណ្តុះបណ្តាល​គ្រូបង្គោល​បន្ថែម​ទៀត​ដល់​មន្ទីរពេទ្យជាតិ និងថ្នាក់ក្រោមជាតិ និង (៣) បន្តពិនិត្យ​ករណី​​មរណ​ភាព​​មាតា​​ជុំវិញកំណើត និងការឆ្លើយ​តប ទាំងសមត្ថភាពជំនាញបច្ចេកទេស ទាំងវិធីសាស្ត្រដឹកនាំគ្រប់គ្រងស្ថានការណ៍។

ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា បានមានប្រសាសន៍ក្នុងកិច្ចប្រជុំលើកទឹកចិត្តដល់មន្រ្តី​ដែល​ជាប់​ពាក់ព័ន្ធ បន្ត​ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ សមត្ថភាព   ពង្រឹង និងចៀសវាងការយឺតយ៉ាវទាំង៣ (១) ការ​យឺតយ៉ាវទី១ ការ​សម្រេច​ចិត្ត​​របស់ស្រ្តីមកប្រើប្រាស់សេវា (២) ការយឺតយ៉ាវទី២​ ការ​បញ្ជូន​ស្រ្តី​ទៅកាន់​កន្លែង​ដែល​មាន​សេវា​​ខ្ព​ស់ជាងឱ្យមានប្រសិទ្ធភាព និងគុណភាព និង (៣) ការយឺតយ៉ាវទី៣ ពាក់ព័ន្ធនឹងសមត្ថភាព​ អន្តរាគមន៍​​សង្រ្គោះ។ 

ឯកឧត្តម​សាស្រ្តាចារ្យ កុយ វ៉ាន់នី សូមជូនជាអនុសាសន៍គន្លឹះលើការ ពង្រឹងសមត្ថភាព ការរក និងប្រើប្រាស់មធ្យោបាយ (មានសម្ភារ ត្រូវចេះប្រើសម្ភារទាំងនោះ) និងវិជ្ជាជីវៈ​និយាមបច្ចេកទេស (Standard of care) សំដៅការពង្រីកវគ្គបណ្តុះបណ្តាល​សមត្ថភាព​ដល់មន្រ្តី​ថ្នាក់​ក្រោមជាតិ (BEmONC, CEmONC, Guideline of MPDSR) ដោយត្រូវការ​ចូលរួម​ពីគណៈគ្រូពេទ្យ គណៈគិលា​នុបដ្ឋាក និងគណៈឆ្មប និងត្រូវធ្វើអោយកាន់តែរឹងមាំសមត្ថភាព​ទទួល​ខុសត្រូវ​គ្រប់មូលដ្ឋានសុខាភិបាល។

លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ ដឹកនាំអង្គប្រជុំ ក៏បានផ្តល់អនុសាសន៍បន្ថែមដល់សមាជិកក្រុមការងារ​ MPDSR (១) រៀបចំចុះពិនិត្យនៅមូលដ្ឋានសុខាភិបាលដែលមានបញ្ហមរណៈភាពមាតា ទារក (២) រៀបចំផែន​ការ​បណ្តុះ​បណ្តាលពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីកម្រឹតដឹកនាំអង្គភាព និងមន្ទីរសុខាភិបាល (៣) ជ្រើសរើសគ្រូបង្គោលតាមខេត្ត​នីមួយៗ ចូលរួមលើកកម្ពស់សុខភាពមាតា និងទារក។

ជាកិច្ចបញ្ចប់លោកជំទាវសាស្ត្រាចារ្យ បាន​ថ្លែងអំណរគុណក្រុមការងារ MPDSR ក្រោមការចង្អុលបង្ហាញជាប់ជាប្រចាំពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីនៃក្រសួងសុខាភិបាល និងអង្គការ UNFPA ដែល​បាន​ផ្តល់ការគាំទ្រ​ក្នុងធ្វើ​ឱ្យកាន់តែប្រសើឡើង​សុខភាពមាតា និងទារកនៅកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10