រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យកាល់ម៉ែត លោកជំទាវសាស្រ្តាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាលទទួលភារកិច្ចសុខភាពម្តាយ និងទារក បានដឹកនាំអង្គប្រជុំ ស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (MPDSR) ដែលមានការចូលរួមពីឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការទទួលបន្ទុកគុណភាពសេវាមន្ទីរពេទ្យ ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការទទួលបន្ទុកក្រមសីលធម៌វិជ្ជាជីវៈ (medical ethics) និងសមាជិកក្រុមការងារចំនួន ២០រូប ព្រមទាំងតំណាងអង្កការ UNFPA។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីបន្តពិនិត្យមើលអំពីករណីពាក់ព័ន្ធនឹងរាល់បញ្ហាសេវាសម្រាល សុខភាពម្តាយ និងទារក ដោយសំដៅរៀបចំសកម្មអន្តរាគមន៍ ជួយបំពេញចំណុចខ្វះខាតដែលនៅកើតមានឡើង។ តំណាងអង្គការអន្តរជាតិដៃគូអភិវឌ្ឍន៍ UNFPA បានចែករំលែកជាបទពិសោធន៍ ដោយបង្ហាញពីសំណើជំហានអន្តរាគមន៍បន្តបន្ទាប់ ជូនគណៈកម្មការ MPDSR ដែលជាស្នូលនៃការគិតពិចារណាររៀបចំផែនការសកម្មភាពដើម្បីសម្រេចបានជាលទ្ធផល រួមមាន (១) ពិនិត្យកែសម្រួលតួនាទី និងភារកិច្ចគណៈកម្មការ ទាំងកម្រឹតថ្នាក់កណ្តាល និងថ្នាក់ក្រោមជាតិ (២) រៀបចំផែនការបណ្តុះបណ្តាលគ្រូបង្គោលបន្ថែមទៀតដល់មន្ទីរពេទ្យជាតិ និងថ្នាក់ក្រោមជាតិ និង (៣) បន្តពិនិត្យករណីមរណភាពមាតាជុំវិញកំណើត និងការឆ្លើយតប ទាំងសមត្ថភាពជំនាញបច្ចេកទេស ទាំងវិធីសាស្ត្រដឹកនាំគ្រប់គ្រងស្ថានការណ៍។
ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា បានមានប្រសាសន៍ក្នុងកិច្ចប្រជុំលើកទឹកចិត្តដល់មន្រ្តីដែលជាប់ពាក់ព័ន្ធ បន្តពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ សមត្ថភាព ពង្រឹង និងចៀសវាងការយឺតយ៉ាវទាំង៣ (១) ការយឺតយ៉ាវទី១ ការសម្រេចចិត្តរបស់ស្រ្តីមកប្រើប្រាស់សេវា (២) ការយឺតយ៉ាវទី២ ការបញ្ជូនស្រ្តីទៅកាន់កន្លែងដែលមានសេវាខ្ពស់ជាងឱ្យមានប្រសិទ្ធភាព និងគុណភាព និង (៣) ការយឺតយ៉ាវទី៣ ពាក់ព័ន្ធនឹងសមត្ថភាព អន្តរាគមន៍សង្រ្គោះ។
ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី សូមជូនជាអនុសាសន៍គន្លឹះលើការ ពង្រឹងសមត្ថភាព ការរក និងប្រើប្រាស់មធ្យោបាយ (មានសម្ភារ ត្រូវចេះប្រើសម្ភារទាំងនោះ) និងវិជ្ជាជីវៈនិយាមបច្ចេកទេស (Standard of care) សំដៅការពង្រីកវគ្គបណ្តុះបណ្តាលសមត្ថភាពដល់មន្រ្តីថ្នាក់ក្រោមជាតិ (BEmONC, CEmONC, Guideline of MPDSR) ដោយត្រូវការចូលរួមពីគណៈគ្រូពេទ្យ គណៈគិលានុបដ្ឋាក និងគណៈឆ្មប និងត្រូវធ្វើអោយកាន់តែរឹងមាំសមត្ថភាពទទួលខុសត្រូវគ្រប់មូលដ្ឋានសុខាភិបាល។
លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ ដឹកនាំអង្គប្រជុំ ក៏បានផ្តល់អនុសាសន៍បន្ថែមដល់សមាជិកក្រុមការងារ MPDSR (១) រៀបចំចុះពិនិត្យនៅមូលដ្ឋានសុខាភិបាលដែលមានបញ្ហមរណៈភាពមាតា ទារក (២) រៀបចំផែនការបណ្តុះបណ្តាលពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីកម្រឹតដឹកនាំអង្គភាព និងមន្ទីរសុខាភិបាល (៣) ជ្រើសរើសគ្រូបង្គោលតាមខេត្តនីមួយៗ ចូលរួមលើកកម្ពស់សុខភាពមាតា និងទារក។
ជាកិច្ចបញ្ចប់លោកជំទាវសាស្ត្រាចារ្យ បានថ្លែងអំណរគុណក្រុមការងារ MPDSR ក្រោមការចង្អុលបង្ហាញជាប់ជាប្រចាំពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីនៃក្រសួងសុខាភិបាល និងអង្គការ UNFPA ដែលបានផ្តល់ការគាំទ្រក្នុងធ្វើឱ្យកាន់តែប្រសើឡើងសុខភាពមាតា និងទារកនៅកម្ពុជា។