ហ្សឺណែវ សហព័ន្ធស្វីស៖ នាល្ងាចថ្ងៃអង្គារ៍ ទី២០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាភិបាលក្រសួងសុខាភិបាលកម្ពុជា បានចូលរួមក្នុងវេទិការគាំទ្រវិនិយោគ សម្រាប់អង្គការសុខភាពពិភពលោក “High-level pledging event of the WHO investment Round: Sustainable financing of WHO for impact in the new global health landscape” ដែលមានការចូលរួមពីបណ្តាប្រទេសដៃគូរជំនួយ ដៃគូរអង្គការអន្តរជាតិ បណ្តាស្ថានទូត និងរដ្ឋសមាជិកនៃអង្គការសុខភាពពិភពលោក។
វត្តមានកម្ពុជាត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសមាជិកអង្គប្រជុំ ជាពិសេស Dr Tedros Adhanom អគ្គនាយកនៃអង្គការសុខភាពពិភពលោក ក៏ដូចជាក្រុម panelists ដែលត្រូវអញ្ជើញមកផ្តល់ជាសាក្សីគាំទ្រ ក្នុងវេទិការ WHO investment round នេះ។ កម្ពុជា តាមរយៈប្រតិភូសុខាភិបាល ដឹកនាំដោយផ្ទាល់ ដោយឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងជំហររបស់ខ្លួនគាំទ្រ “ការអោយមានការចូលរួមទាំងអស់គ្នា ជាលក្ខណៈពហុភាគី ដៃគូរដែលមានកម្លាំងថាមពល សក្តានុពលខ្លាំងក្លា សាមគ្គីភាព និងឯកភាពតែមួយ ដើម្បីសុខភាព សុខមាលភាពទាំងអស់គ្នា”។ កម្ពុជាបានបង្ហាញជាគំរូដល់ប្រទេសដទៃផងដែរ តាមរយៈការចូលរួមថវិការវិភាគទានរបស់ខ្លួនជូនដល់អង្គការសុខភាពពិភពលោក ដែលអង្គពិធីបានសំដែងការសាទរ នូវគំរូដ៏មានអត្ថន័យជ្រាលជ្រៅ (សម្រាប់អង្គការសុខភាពពិភពលោក) ខណៈប្រទេសធ្លាប់ជួបការលំបាកបំផុត ក៏នៅតែបង្ហាញទឹកចិត្តដ៏ធំទូលំទូលាយចូលរួមបរិច្ចាគក្នុងពេលវិបត្តិថវិការរបស់ WHO។