មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៩ ក្រោមប្រធានបទ ស្តីពីភាពស៊ាំនឹងឱសថប្រឆាំងមេរោគ (AMR)
September 26, 2024
ទីក្រុងញូវយ៉ក៖ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៩ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
នាថ្ងៃទី៣ នៃអង្គមហាសន្និបាតអង្គការសហប្រជាជាតិ បានបន្តចូលដល់ប្រធានបទ ស្តីពីភាពស៊ាំនឹងឱសថប្រឆាំងមេរោគ ( AMR) ដោយអំពាវនាវដល់ប្រទេសជាសមាជិក គាំទ្រការវិនិយោគខ្ពស់ និងធានាបាននូវសុវត្ថិភាពសម្រាប់អនាគត រួមគ្នាដោយបង្កេីនកិច្ចសហប្រតិបត្តិការរួមគ្នា ថ្នាក់សកល ថ្នាក់តំបន់ ថ្នាក់ជាតិ ដោយត្រូវរៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបទៅនឹង AMR "Investing in the present and securing our future together: Accelerating multi-sectoral global, regional and national action plan to address Antimicrobial Resistance(AMR)" នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។
អង្គមហាសន្និបាតមានការចូលរួមពីប្រទេសជាសមាជិក ចំនួន ១៣១ប្រទេស និងមានដៃគូអភិវឌ្ឍន៍ចំនួនសរុបប្រមាណ ១៣០០នាក់។ រដ្ឋជាសមាជិកទាំងអស់ត្រូវធ្វើបទអន្តរគមន៍ ចំនួន ៣នាទី រួមទាំងកម្ពុជា ដៃលតំណាងដោយ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួហសុខាភិបាល។
ការបេ្តជ្ញាចិត្ត របស់កម្ពុជាបានទទួលស្គាល់ថា ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ (AMR) គឺជាការគំរាមកំហែងផ្នែកសុខភាពជាសកលដែលប៉ះពាល់ដល់សមត្ថភាពក្នុងការព្យាបាលការឆ្លងមេរោគ និងការអនុវត្តនីតិវិធីវេជ្ជសាស្រ្តសំខាន់ៗ។ AMR មិនគ្រាន់តែជាវិបត្តិសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សេដ្ឋកិច្ច សន្តិសុខស្បៀង និងសុខុមាលភាពទូទៅដែលទាមទារឱ្យមានការឆ្លើយតបរួម និងជាបន្ទាន់។
ដើម្បីគាំទ្រការប្តេជ្ញាចិត្តនេះ កម្ពុជាបានឈានមុខ ក្នុងការបង្កើតគណៈកម្មាធិការសម្របសម្រួលពហុវិស័យសម្រាប់សុខភាពតែមួយ ដែល AMR ជាការងារអាទិភាពសំខាន់ និងបានធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពពហុវិស័យសម្រាប់ AMR (២០២៤ –២០២៨)។